ព័ត៌មានទាន់ហេតុការណ៍៖

មេភេរវកម្ម ISបង្ហាញខ្លួនជាថ្មី ក្រោយបាត់ខ្លួនជាង៥ឆ្នាំ បង្កក្តីបារម្ភយ៉ាងខ្លាំង នៅលើពិភពលោក

ចែករំលែក៖

ក្នុងពេលដែលពលរដ្ឋជុំវិញពិភពលោក បារម្ភយ៉ាងខ្លាំង ពីការវាយប្រហារភេរវកម្ម កើនឡើងនៅជុំវិញពិភពលោក ដោយក្រុមភេរវករបានលាក់ខ្លួននៅប្រទេសជាច្រើនជុំវិញពិភពលោក ការបង្ហាញខ្លួនរបស់មេដឹកនាំភេរវកម្ម IS ស្រាប់តែចេញមុខ ក្រោយបាត់ខ្លួនជាង៥ឆ្នាំ ។ ការបង្ហាញខ្លួនមានការវាយប្រហារភេរវកម្មនៅ នូវេសាឡង់និងសម្លាប់មនុស្សជាង៥០នាក់ និង វាយប្រហារនៅស្រីលង្កា បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសរាប់រយនាក់ ។

ពេលថ្មីៗនេះ មេដឹកនាំកំពូលរបស់ក្រុមភេរវករ IS ឈ្មោះ Abu Bakr al-Baghdadi បានបង្ហាញខ្លួនជាថ្មីម្តងទៀត ក្រោយ០៥ឆ្នាំបានកន្លងផុតទៅ ។ ការបង្ហាញខ្លួនតាមរយៈឃ្លីបវីដេអូមួយ ដែលត្រូវបានគេបញ្ចេញនាថ្ងៃ២៩ ខែមេសា នេះ។

ក្នុងឱកាសនៃការបង្ហាញខ្លួនជាថ្មីនេះ មេ ISIS បានទទួលស្គាល់ពីការទទួលបរាជ័យនៃ ក្រុមភេរវកររបស់ខ្លួន នៅឯទីក្រុង Baghouz ប្រទេសស៊ីរី ប៉ុន្តែតែស្របពេលជាមួយគ្នា បានព្រមានថា នឹងបន្តបើកការវាយប្រហារសងសឹក ។ ក្រៅពីនេះ ក៏មានការនិយាយ ពាក់ ព័ន្ធការទទួលបរាជ័យមួយចំនួនទៀតរបស់ ISIS ផងដែរ រួមមានទាំងនៅទីក្រុងម៉ូស៊ូល (Mosul) របស់អ៊ីរ៉ាក់ និងក្រុង Sirte នៅលីប៊ី ប៉ុន្តែបុគ្គល អាល់បាដាឌី បានសន្យាថា ISIS នឹងមិនចុះចាញ់ដាច់ខាត ហើយនឹងបន្តសងសឹកសម្រាប់សមាជិករបស់ខ្លួន ដែលបានបាត់បង់ជីវិត។

ម៉្យាងវិញទៀត មេ ISIS រូបនេះ ក៏បានហៅករណីវាយប្រហារនៅស្រីលង្កាកាលពីថ្ងៃទី២១ ខែមេសានេះ ដែលបានផ្តាច់ជីវិតមនុស្ស ប្រមាណ២៥៣នាក់ និងបង្កឲ្យរបួសខ្ទង់៥០០នាក់ ជាសកម្មភាពសងសឹកមួយសម្រាប់ភាពបរាជ័យរបស់ ISIS ថែមទៀតផង។

គួរជម្រាបថា បុគ្គល អាល់បាដាឌី ត្រូវបានគេឃើញជាលើកចុងក្រោយបំផុត នៅឯទីក្រុង Mosul កាលពីឆ្នាំ២០១៤ ក្នុងឱកាសនៃ ការប្រកាសបង្កើតរដ្ឋ ISIS ដែលកាលណោះ លាតសន្ធឹងនៅលើតំបន់ភាគច្រើន នៃប្រទេសអ៊ីរ៉ាក់ និងស៊ីរី ។ អាមេរិកបាន អះអាងថា កំពុងតែវាយតម្លៃទៅលើឃ្លីបវីដេអូនេះថា តើបុគ្គលនៅក្នុងនោះ ជាមេ ISIS អាប៊ូ បាកឺ អាល់បាដាឌី ប្រាកដមែនដែរឬយ៉ាងណា ព្រោះកន្លងមក ក៏ធ្លាប់មានការអះអាងជាច្រើនលើកផងដែរថា ។ បុគ្គលរូបនេះបានបាត់បង់ជីវិត ហើយទីក្រុងវ៉ាស៊ីនតោនបាន ប្តេជ្ញាថា នឹងបន្តប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវករនេះ រហូតដល់ទីបញ្ចប់។ កន្លងមក អាមេរិកបានប្រកាសផ្តល់រង្វាន់ចំនួន២៥លាន ដុល្លារ សម្រាប់ក្បាលរបស់មេកំពូល ISIS រូបនេះ៕


ចែករំលែក៖