កម្លាំងទាហានជើងទឹករុស្ស៊ី បានបង្កើនសកម្មភាពធ្វើសមយុទ្ធ ទាហានជើងទឹកជាមួយប្រទេសជិតខាង ក្នុងនោះមានការធ្វើសមយុត្ធជាមួយកម្លាំងទាហានជើងទឹកចិន ។ រុស្ស៊ីបាន បានបញ្ជូននាវាចម្បាំងរបស់កម្លាំងទាហានជើងទឹករុស្ស៊ី កាលពីថ្ងៃទី២៩ ខែមេសា ធ្វើនាវាចរទៅកាន់ទីក្រុង Qingdao នាភាគខាងកើត នៃខេត្ត Shandong ប្រទេសចិន ដើម្បីចូលរួម នៅក្នុងសមយុទ្ធរួមគ្នាមួយ ឈ្មោះ “សមុទ្ររួមគ្នាឆ្នាំ 2019″(Joint Sea-2019) ។
អគ្គមេបញ្ជាការរងរបស់កម្លាំងទាហានប្រជាជនចិន PLA បានឲ្យដឹងថា កម្លាំងទាហានជើងទឹកចិន និងរុស្ស៊ី បានខិតខំឈានដល់កិច្ចសហប្រតិបត្តិការជាមិត្តភាព រវាងកងកម្លាំងយោធា នៃប្រទេសទាំងពីរ។ ចំណែកភាគីរុស្ស៊ី លោក Alexander Vitko អគ្គមេបញ្ជាការរង នៃកម្លាំងទាហានជើងទឹករុស្ស៊ី បានបង្ហាញពីទំនុកចិត្ត តាមរយៈការធ្វើសមយុទ្ធរួមគ្នានេះ។
សមយុទ្ធ រវាងរុស្ស៊ី និង ចិន បានចាប់ផ្តើម នៅថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី៤ ខែឧសភា នៅតំបន់សមុទ្រ នៃទីក្រុង Qingdao ហើយសមយុទ្ធនេះមានគោលដៅ ដើម្បីបង្កើននូវសមត្ថភាពការពាររួមគ្នា នៅក្នុងដែនសមុទ្រ ។
ការចូលរួមធ្វើសមយុទ្ធនេះ មានកម្លាំងទាហានជើងទឹកវាយឡើងគោក នាវាមុជទឹក២គ្រឿង នាវាចម្បាំង១៣គ្រឿង និងយន្តហោះចម្បាំងជាច្រើនគ្រឿងទៀត រួមទាំងឧទ្ធម្ភាគចក្រផងដែរ។ ប៉ុន្តែអ្វីដែលគោលបំណងដ៏សំខាន់ នៃសមយុទ្ធនេះ គឺមានគោលដៅពង្រឹងនូវទំនាក់ទំនងយុទ្ធសាស្ត្រ រវាងប្រទេសចិន និងរុស្ស៊ី នៅក្នុងការធ្វើសង្គ្រាម ។
ក្រៅពីបញ្ចប់ការធ្វើសមយុទ្ធជាមួយទាហានជើងទឹកចិន រុស្ស៊ីអាចនឹងបន្តធ្វើសមយុទ្ធជាមួយ កម្លាំងទាហានជើងទឹកអ៊ីរ៉ង់ ។
សារព័ត៌មាន Mehr news កាលពីថ្ងៃទី២៩ខែមេសា បានផ្សាយថា អ៊ីរ៉ង់់និងរុស្ស៊ី បានរៀបចំធ្វើសមយុទ្ធរួមជាទ្រង់ទ្រាយធំ។ លោក Hossein Khanzadi មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ បានបញ្ជាក់ ពីគម្រោងធ្វើសមយុទ្ធខាងលើ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នោះឡើយ គ្រាន់តែបញ្ចាក់ថា នឹងធ្វើឡើងនៅក្នុងឆ្នាំនេះ។
មេទ័ព អ៊ីរ៉ង់ Hossein Khanzadi បានប្រកាសថា ប្រទេសទាំងពីរ នឹងធ្វើសមយុទ្ធរួមនៅតំបន់សមុទ្រ Caspian ដោយមានយុទ្ធសាស្ត្រ ជួយសង្គ្រោះនិង ប្រឆាំងក្រុមភេរវកម្ម។
កាលពីដើមសប្តាហ៍កន្លងមក រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ីរ៉ង់លោក Amir Hatami បានបំពេញទស្សនកិច្ចទៅកាន់រុស្ស៊ី ដោយបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិ រុស្សី លោក Sergey Shoygu ។មន្ត្រីយោធាជាន់ខ្ពស់ប្រទេសទាំងពីរបានសម្រេច បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែប្រសើរឡើង។
ចាប់តាំងពីលូកដៃនៅក្នុងសង្គ្រាមប្រទេសស៊ីរី ឆ្នាំ២០១៥មកទល់ពេលនេះ រុស្ស៊ី បានបង្កើនទំនាក់ទំនងជាមួយអ៊ីរ៉ង់់ កាន់តែប្រសើរឡើងនៅក្នុងតំបន់ ៕