ខេត្តសៀមរាប៖ ជិតមួយសប្ដាហ៍មកហើយ រហូតដល់ថ្ងៃទី ២៩ និងទី៣០ ខែមេសា ឆ្នាំ ២០១៩ ក្រុមការងារចម្រុះចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែ ( ដីស ដីក្រហម ខ្សាច់ ថ្ម) ដឹកនាំដោយ លោក ពិន ប្រាកដ អភិបាលរង ខេត្តសៀមរាប ឃាត់បានរថយន្ដ៥៩គ្រឿង ខុសលក្ខណៈបច្ចេកទេស និងតៃកុងឡាន៤នាក់ ប្រើប្រាស់គ្រឿងញៀន ។
តាមការបញ្ជាក់ពីក្រុមការងារឲ្យ ដឹងថា គោលដៅចំនួនពីរកន្លែង ដែលរថយន្ដដឹកដីដឹកចូលមក ក្នុងក្រុងសៀមរាបរួមមាន៖ គោលដៅ ទី១.នៅចំណុចផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិរលួសខាងលិចឃុំរលួសស្រុក ប្រាសាទបាគង ឃាត់់បានរថយន្ត២១គ្រឿង ត្រូវត្រួតពិនិត្យរថយន្ត និងធ្វើកំណត់ហេតុណែនាំ ។
គោលដៅទី ២.នៅចំណុចខាងមុខវត្តចេតិយ ស្ថិតនៅសង្កាត់សំបួរក្រុង សៀមរាប បានឃាត់់រថយន្តត្រួតពិនិត្យរថយន្ត និងធ្វើកំណត់ហេតុ ណែនាំចំនួន៣៨គ្រឿង ខណៈរថយន្តទាំងអស់នេះ បានដឹកជញ្ជូន ធនធាន រ៉ែ ខុសលក្ខណៈបច្ចេកទេស ដូចជា ដឹកលើសទ្រុង មិនបាន គ្រប , ហៀរ ឬ កំពប់ ជាដើម ។
បន្ទាប់មក ក្រុមការងារបានធ្វើកំណត់ហេតុ និងណែនាំឲ្យម្ចាស់រថយន្ត យកត្រឡប់ទៅការដ្ឋានវិញ ដើម្បីកាយទម្លាក់ និងគ្របឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស មុននឹងដឹកចេញពីការដ្ឋានចូលក្នុងក្រុង ខណៈនោះ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទទួលបន្ទុកការងារគ្រឿងញៀនបានត្រួតពិនិត្យទឹកនោម ទៅលើអ្នកបើកបររថយន្តទាំងអស់ ហើយបានរកឃើញអ្នកបើកបររថយន្ត ចំនួន៤នាក់ មានផ្ទុកនូវសារធាតុញៀន ដូច្នេះមន្ត្រីនគរបាលជំនាញខេត្ត បានបន្តចាត់វិធានការតាមនីតិវិធី ។
សូមបញ្ជាក់ផងដែរថា កន្លងមក ក្រុមដឹកដីមួយចំនួនដោយសារតែមានសារធាតុញៀនក្នុងខ្លួន ទើបធ្វើឲ្យមានការបើកលឿន មិនសូវគោរពច្បាប់ចរាចរណ៍នោះទេ ជាហេតុធ្វើឲ្យ បុក និងកិនមនុស្សស្លាប់ ដូច្នេះ គួរណាស់តែ សមត្ថកិច្ចរឹតបន្តឹង ឲ្យបានម៉ឺងម៉ាត់ និងដូចភ្លៀងរលឹម កុំធ្វើឡើងដូចភ្លើងចំបើង នាំឲ្យក្រុមទាំងនេះ បំពានបន្ដទៀត ៕ ប៊ុនរិទ្ធី