ព័ត៌មានទាន់ហេតុការណ៍៖

អ្នកលក់នំបុ័ងម្នាក់ ខ្យល់គរ​​ ដេកស្លាប់នៅក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ ៖ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​ដេកស្លាប់​នៅក្នុង​បន្ទប់ កាលពី​វេលា​ម៉ោង​០៦​និង​០០​នាទីព្រឹក ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ដូន​កែន សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ​

ក្រោយពី​សមត្ថកិច្ច​ទទួល​ព័ត៌មាន​ភ្លាមៗ កម្លាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​ចាត់​កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ឯក រឹម សាវ ម៉ៅ នាយការិយាល័យ​បច្ចេកទេស សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង ​ចុះ​ពិនិត្យ​សាកសព​នៅ​កន្លែង​កើតហេតុ​ ។ ​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាកសព​ជនរងគ្រោះ​មាន ឈ្មោះ ទី លាងឆាយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ដូន​គាំ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្ត​កណ្តាល​(​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​) ។ ​ក្នុងនោះដែរ សព​ជនរងគ្រោះ​ស្លៀក​ខោ​លី​អូ​ ពណ៌​ប្រផេះ ​អត់​អាវ ផ្នែក​ក្បាល​,​ក និង​រាងកាយ មុខ​ក្រោយ ចំហៀង ពុំ​មាន​ស្លាកស្នាម​អ្វី​គួរឲ្យ​សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​នោះទេ ។ ​

ឆ្លងតាម​ការ​បំភ្លឺ​ពី​ឈ្មោះ ទី មួយ​ឡាយ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ (​ត្រូវជា​ប្អូន​បង្កើត​របស់​សាកសព​) មាន​ទីលំនៅ​ភូមិ​ទួល​ដូន​គាំ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្ត​កណ្តាល បានឲ្យ​ដឹងថា ខ្ញុំ​នាំ​បងប្អូន​ចេញ​ពី​ស្រុក​មក​ទិញ​ដី​ផ្ទះ រកស៊ី​លក់​នំប៉័ង​រយៈពេល​៣​ឆ្នាំ មក​ហើយ​ លុះ​មកដល់​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​២២​និង​៣០​នាទី​ បាននាំគ្នា​ផឹកស្រា​បៀរ​អស់​មួយ​កេះ​កន្លះ ​រួច​នាំគ្នា​ចូល​ដេក​បន្ទប់​រៀងៗ​ខ្លួន​ ។ លុះដល់​ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៥​ព្រឹក ខ្ញុំ​ក្រោក​រៀប​នំ មិនឃើញ ​បង​ ក៏​ទៅ​ដាស់​មិន​ភ្ញាក់ ​មិន​ឮ​មាត់ ទ្វារ​ជាប់​គន្លឹះពី​ខាងក្នុង ខ្ញុំ​ក៏​ហៅ​ប្អូនថ្លៃ​ជួយ​ហៅ ​ក៏​មិនឮ​មាត់​ ទើប​នាំគ្នា​គាស់​ទ្វារ​ចូល​ឃើញ​បង​ដេកស្លាប់​នៅលើ​គ្រែ រួច​ខ្ញុំ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ ។ ​

តាម​ការសន្និដ្ឋាន​រប​ស់​កម្លាំង​ជំនាញ ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ​ពិតប្រាកដ​មែន​ ។ ​

ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​សាកសព​រួច កម្លាំង​ជំនាញ​បានធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូ​ន​ទៅ​សាច់​ញាតិ​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕ ប៉ែន នួន


ចែករំលែក៖