ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ (បាក់ភ្លៅ) បែកមុខ និងម្នាក់ទៀតបានបាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា ត្រឹមរយៈពេលជាង ២ម៉ោងប៉ុណ្ណោះ ។
លោកនាង វុធ អធិការនៃអធិការដ្ឋានស្រុកបាកានបានឲ្យដឹងថា នៅវេលាម៉ោង៥ និង០៥នាទី ល្ងាចថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៩ ថា នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០០.២០១ ស្ថិតក្នុងភូមិក្ដីស្នួល ឃុំត្រពាំងជង ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក អុិចសង់ទ័រ ពណ៌ស គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានជ្រុលបុករថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C 4611 ចំពីក្រោយផ្នែកខាងស្ដាំ បណ្ដាលឲ្យរបួសធ្ងន់(បាក់ភ្លៅ និងបែកមុខ) ចំណែកអ្នកបើកបររថយន្តគេចខ្លួនបាត់ ។
លោកអធិការនគរបាលបន្តថា លុះនៅវេលាម៉ោង៧ និង៥៥នាទី ប៉ុន្មានម៉ោងក្រោយយប់ថ្ងៃដ ដែល នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ដែរ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១០.២១១ ស្ថិតក្នុងភូមិ.ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងម្ដងទៀត ដោយអ្នកបើកបររថយន្តមិនស្គាល់ម៉ាក ១គ្រឿង នៅគ្រា ដែលកំពុងធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះទៅដល់ចំណុចកើតហេតុជ្រុលបុកអ្នកជិះម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1D 4715 កំពុងជិះឆ្លងផ្លូវពីជើងទៅត្បូងពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ ចំណែករថយន្តបន្ថែមល្បឿនគេចបាត់ស្រមោល ។
លោកបន្តទៀតថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ សៀង វុទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ សាកសពបានធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងរបួសបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក៖ វត្ថុតាងម៉ូតូ ២គ្រឿង រថយន្ត ១គ្រឿង សមត្ថកិច្ចនគរបាលជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកាន យករក្សាទុកជាបណ្ដោះអាសន្ន រងចាំធ្វើការវាសវែង ស្រាវជ្រាវរករថយន្ត ១គ្រឿងទៀត ដែលបានបើកគេច ដើម្បីរង់ចាំដោះស្រាយ ៕ ប៉ឹម ពិន