ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងកោសល្យវិច័យរាជធានីភ្នំពេញ ចុះបង្កើតគណៈកម្មាការត្រួតពិនិត្យសព នៅចំណុចផ្ទះសំណាក់ វ៉ាយរីវើរ១ (white River 1) ជាន់ទី១ បន្ទប់លេខ១០៨ ខណៈ ដែលបុរសជនជាតិបែលហ្សិកម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ កាលពីវេលាម៉ោង១២ និង៥០នាទីរសៀល ថ្ងៃទី១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ ផ្ទះលេខ១៤២A5 ផ្លូវលេខ១៧២ ក្រុម១៨ ភូមិ៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ BOGAERTS PETER CARLO P ជនជាតិ បែលហ្សិក (BELGIUM) ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ ER067460 ។
យោងតាមប្រភពពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា និងការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យអន្តោប្រវេសន៍ដើម្បីបង្កើត គណៈកម្មាធិការធ្វើកោសល្យវិច័យ ពិនិត្យសព ។
ជាលទ្ធផល តាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេសបានបញ្ជាក់ថា សពស្លាប់ដោយសារគាំងបេះដូង ។ ចំណែកសម្ភារៈរបស់សពរួមមាន លិខិតឆ្លងដែនចំនួន០១ក្បាល លេខER067460កុំព្យូទ័រយួរដៃចំនួន០១គ្រឿង និងខោអាវមួយចំនួនបានប្រគល់ឲ្យការិយាល័យអន្តោប្រវេសន៍ក្រុង រក្សាទុក ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីពិនិត្យរួច ខាងជំនាញបច្ចេកទេស បានដឹកសាកសពយកទៅតម្កល់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្សី) ខណ្ឌចំការមន រាជធានីភ្នំពេញ ៕ ស រស្មី