ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធតាមទាន់លោកប្ដីនាំស្រីស្នេហ៍ចូលក្រេបទឹកឃ្មុំ នៅផ្ទះសំណាក់ពេញ១យប់ ព្រឹកឡើងឈ្លោះគ្នាពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ ប្រពន្ធតាមទាន់ជាន់កែង លោកប្ដីនាំស្រី ស្នេហ៍ទៅក្រេបទឹកឃ្មុំ នៅផ្ទះសំណាក់ពេញ១យប់ លុះព្រឹកឡើង ឈ្លោះគ្នាពេញផ្លូវ ។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បុរសជាប្ដីមានឈ្មោះ សុភ័ក្រ អាយុប្រមាណជាង ៤០ឆ្នាំ មុខរបរ ជាអ្នករត់តាក់ស៊ី និងដឹកភ្ញៀវ មានទីលំនៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះរថយន្ត ម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2AM-7885 ចំណែកស្រីស្នេហ៍ប្រាប់ថា ខ្លួនអាយុ ២៨ឆ្នាំ មុខរបរ ធ្វើស្រែចម្ការ មានលំនៅ ខេត្តក្រចេះ ។

មុនពេលកើតហេតុ បុរសជាប្ដីបាននាំស្រីស្នេហ៍ ឡើងឋានសួគ៌នៅផ្ទះសំណាក់ «លក្ខណ៍ប៊ូទិច ម៉ូតែល» ពេញមួយយប់លុះព្រឹកឡើង ជិះរថយន្តចេញត្រឡប់ទៅវិញ ត្រូវប្រពន្ធ និងកូនប្រុសមកដល់ ក៏ចុច GPS ពន្លត់ម៉ាស៊ីនរថយន្ត ដើម្បីឲ្យប្ដីចុះមកដោះស្រាយ ហើយស្ត្រីជាប្រពន្ធ ចាប់ដៃស្រីស្នេហ៍ជាប់ រួចថតទុកជាភស្តុតាង បញ្ជាក់ថា ជាសាហាយស្មន់នឹងគ្នា ។

បុរសជាប្តីក៏ព្យាយាមទៅប្រតាយប្រតប់ដើម្បីរំដោះស្រីស្នេហ៍ ចេញពីប្រពន្ធ ក៏មានការទាស់ទែងគ្នា ហើយបុរសជាប្ដីបានរត់បាត់ ទុករថយន្ត នៅកន្លែងកើតហេតុ រីឯស្រីស្នេហ៍ត្រូវស្ត្រី ជាប្រពន្ធនាំទៅដាក់ពាក្យបណ្ដឹង នៅប៉ុសិ៍នគរបាលរដ្ឋបាលស្រះចក ៕ ជ្រោយពេជ្រ


ចែករំលែក៖