ខេត្តតាកែវ៖ ប្រជាពលរដ្ឋនៅស្រុកសំរោង ខេត្តតាកែវ មួយរយៈចុងក្រោយនេះ ផ្តុំគ្នានិយាយអំពីការដឹកនាំរបស់លោក កេត ម៉ៅ ជាអភិបាលស្រុក ដែលតែងតែបង្កើតឲ្យមានបញ្ហាជាច្រើនដើម្បីផលប្រយោជន៍របស់ខ្លួនជាអភិបាលស្រុក ។ រឿងជីកដីបឹងយកអាចម៍ដីលក់ មិនទាន់ចប់ស្រួលបួលផង ឥឡូវធ្លាយរឿងឲ្យមន្ត្រីក្រោមឱវាទដើរយកលុយពីការសាងសង់លំនៅឋានតូចតាច, ស្ថានីយប្រេង ក៏ដូចជាធ្លាយព័ត៌មានការយកលុយតាមទីវត្តអារ៉ាម នៅពេលមានការតែងតាំងនានា ។
ប្រជាពលរដ្ឋនិយាយថា នៅពេលដែលពួកគាត់សាងសង់ផ្ទះសម្បែងតូចតាច ទៅតាមលទ្ធភាពដែលមាន តាមរយៈការខ្ចីបុលប្រាក់ពីធនាគារនោះ ត្រូវលោកទុយ គឹមស្រ៊ាង អភិបាលរងស្រុកសំរោង ចុះទៅទារលុយ កន្លែងខ្លះ១០០ដុល្លារ និងខ្លះជិត១ពាន់ដុល្លារទៅតាមជំនាញរបស់លោក ទុយ គឹមស្រ៊ាង ដែលពូកែទារ ។ លោកអភិបាលរង ដែលជាសេនាដៃស្តាំរបស់លោក កេត ម៉ៅ អភិបាលស្រុក បានប្រាប់ម្ចាស់សំណង់តូចធំនៅក្នុងស្រុកសំរោងថា ការស្នើសុំប្រាក់គឺតាមបទបញ្ជារបស់លោកអភិបាលស្រុក ។ ប្រជាពលរដ្ឋនិយាយថា នៅស្រុកគេ អាជ្ញាធរមានតែជួយសម្រួល ដើម្បីឲ្យជីវភាពប្រជាពលរដ្ឋបានប្រសើរឡើង ប៉ុន្តែនៅស្រុកសំរោង ខេត្តតាកែវ អាជ្ញាធរបែរជាដើរទារប្រាក់ពីប្រជាពលរដ្ឋដែលសង់ផ្ទះសម្បែងទៅវិញ ។
អ្នកភូមិនិយាយថា មិនមែនតែអាជ្ញាធរស្រុកនោះទេ ដែលមកទារប្រាក់ពីពួកគាត់ សូម្បីតែមន្ត្រីការិយាល័យភូមិបាលស្រុក ក៏មកទារលុយរាប់រយដុល្លារពីពួកគាត់ដែរ ។ ដូច្នេះ អ្វីគ្រប់យ៉ាងសុទ្ធតែត្រូវចំណាយប្រាក់ ទាំងស្ថាប័នជំនាញ និងអាជ្ញាធរដែនដី ។ អ្នកភូមិនិយាយថា តាំងពីលោក កេត ម៉ៅ មកធ្វើជាអភិបាលស្រុកសំរោង គឺអ្វីៗ សុទ្ធតែត្រូវបង់ប្រាក់ ។
ក្រៅពីមានបញ្ហាជាមួយប្រជាពលរដ្ឋក៏មានសេចក្តីរាយការណ៍ពីតាមបណ្តាវត្តនានា ក្នុងស្រុកសំរោង អះអាងថា នៅពេលដែលមានការតែងតាំងតួនាទីអ្វីមួយនៅក្នុងវត្ត សុទ្ធតែត្រូវចំណាយប្រាក់ឲ្យលោក សៅ សុខជា ប្រធានការិយាល័យធម្មការ និងសាសនា ស្រុកសំរោងទាំងអស់ ។ លោកសៅ សុខជា ប្រាប់សមាជិកគណៈកម្មការអាចារ្យវត្តនានា ថា លុយនោះ យកទៅជូនលោក កេត ម៉ៅ អភិបាលស្រុក ។
ជុំវិញបញ្ហាខាងលើនេះ លោកកេត ម៉ៅ អភិបាលស្រុកសំរោងបានអះអាងថា ពិតជាមានមន្ត្រីថ្នាក់ក្រោមមួយចំនួនរបស់លោកដើរប្រមូលលុយដូចការលើកឡើងរបស់ប្រជាពលរដ្ឋនោះមែន ហើយពេលខ្លះ ក៏មានចៅអធិការវត្តទូរស័ព្ទមកដើម្បីឲ្យលុយ នៅពេលដែលមានការតែងតាំងតួនាទី ។ លោកអភិបាលស្រុកអះអាងថា មន្ត្រីខ្លះជិតចូលនិវត្តន៍ ដូច្នេះលោកអាណិត ក៏ចេះតែផ្តល់ឱកាសដើម្បីស្វែងរកផលប្រយោជន៍ខ្លះៗទៅ ។
មន្ត្រីរាជការនៅសាលាស្រុកសំរោងបានរំលឹកថា រឿងលោក កេត ម៉ៅ ចាប់ពីមកធ្វើជាអភិបាលស្រុក មានច្រើនណាស់ដូចជាករណីយកលុយពីការសាងសង់ស្ថានីយប្រេងរាប់ពាន់ដុល្លារ, យកលុយពីការសង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ, ឃាត់គ្រឿងចក្រយកលុយ, យកគ្រឿងចក្រទៅកាយបឹងយកអាចម៍ដីលក់, យកលុយពីសមាជិកក្រុមប្រឹក្សាម្នាក់១លានរៀល… ជាពិសេសឯកសារជាច្រើននៅសាលាស្រុក មិនត្រូវបានបញ្ចេញ ប្រសិនបើគ្មានលុយឲ្យលោកអភិបាល ។
ប្រជាពលរដ្ឋសំណូមពរទៅលោកអភិបាលខេត្តតាកែវ ក៏ដូចជាក្រសួងមហាផ្ទៃ ពិនិត្យមើលសំណូមពររបស់ប្រជាពលរដ្ឋនៅស្រុកសំរោងនោះផង ពីព្រោះថា ទង្វើរបស់លោកអភិបាលស្រុកហាក់ដូចជាកាន់តែគឃ្លើន និងមិនផ្តល់ឱកាសរួមចំណែកដល់ការអភិវឌ្ឍ, សុខសុវត្ថិភាពជូនប្រជាពលរដ្ឋនោះឡើយ ៕ ហេង សូរិយា