ព័ត៌មានទាន់ហេតុការណ៍៖

សឿន វីតា អរស្ទើរហោះក្រោយប្រពន្ធសម្រាលបានកូនស្រីម្នាក់ទៀត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងសម្បុរស្រអែម សឿន វីតា ទទួលបានចំណងដៃកូនស្រីម្នាក់ បន្ទាប់ពីកូនប្រុសមានវ័យជាង២ខួបហើយនោះ ។ តារារូបនេះ លើកឡើងថា លោកអរស្ទើរហោះក្រោយពីដឹងថា ជាកូនស្រី ខណៈដែលប្រពន្ធ និងកូនមានសុខភាពល្អ ។

តារាសម្តែង និងជាអ្នករកស៊ីជួលរថយន្តដឹកអ្នកដំណើរ សឿន វីតា នៅតែបន្តការងារសិល្បៈជាហូរហែ ។ ក្រោយរៀបមង្គលការជាង៤ ឆ្នាំហើយនេះតារារូបនេះតែងបង្ហាញពីសុភមង្គលក្នុងក្រួសារ ហើយជីវិតគូរបស់ពួកគេកាន់តែ​ផ្អែមល្ហែមក្រោយពីទទួលបានចំណងដៃកូនប្រុស ឈ្មោះវីតា ណាដេតដែលពេលនេះវ័យ២ខួប៤ ខែហើយដែរ និងជាក្មេងដែលឆ្លាតគួរឲ្យស្រលាញ់ ។

តារារូបនេះបញ្ជាក់ថា លោកត្រេកអរកាន់តែខ្លាំងក្រោយពីដឹងថា កូនក្នុងផ្ទៃជាកូនបន្ទាប់ជាកូនស្រី ។ លោកថា តាមពិតប្រពន្ធលោកត្រូវសម្រាលក្នុងអំឡុងថ្ងៃទី៤ ខែឧសភា ប៉ុន្តែដោយសារកាលពីថ្ងៃទី៣០ ខែមេសានេះ ប្រពន្ធលោករអិលដួលទើបលោកបានបញ្ជូនប្រពន្ធទៅមន្ទីរពេទ្យ ហើយលោកបារម្ភពីសុខភាពរបស់ភរិយាទើបសម្រេចចិត្តឲ្យពេទ្យវះកាត់នៅថ្ងៃនោះតែម្តាយ ។ លោកសប្បាយចិត្តខ្លាំងដែលភរិយា និងកូនស្រីមានសុខភាពល្អ កូនមានទម្ងន់ជាង៣គីឡូក្រាម និងមានមុខមាត់គួរឲ្យស្រលាញ់ ។ ក្រោយបានចំណងដៃកូនស្រីម្នាក់ទៀតលោករំពឹងថាជីវិតក្រួសារតូចមួយថ្មីនេះ និងកាន់តែមានសេចក្តីសុខ ហើយជាកម្លាំងចិត្ត​សម្រាប់លោក​បន្តប្រឹងប្រែងការងារផងដែរ ។ មានមិត្តភ័ក្កិ សាច់ញាតិជាច្រើនបានធ្វើដំណើរទៅសាកសួរសុខទុក្ខផ្ទាល់ និងជូនពរក្រុមក្រួសារមួយនេះជាហូរហែផងដែរ ។

ក្រោយប្រពន្ធសម្រាលបានកូននេះ លោកនៅមិនមានគម្រោងច្បាស់លាស់ក្នុងការបង្កើនសមាជិកក្រួសារនៅឡើយ ខណៈដែលការងារសិល្បៈលោកនៅតែរក្សាជំហរបន្តប្រឡូក និងបង្កើនការងារមុខរបរខាងក្រៅឲ្យកាន់តែប្រសើរជាងនេះ៕ វឌ្ឍនា


ចែករំលែក៖