ព័ត៌មានទាន់ហេតុការណ៍៖

ចិនម្នាក់ធ្វើសកម្មភាពលួចលុយតាមរយ:គណនីធនាគារចំនួន៤០ម៉ឺនយ័ននៅប្រទេសចិន​ ត្រូវសន្តិសុខក្រុមហ៊ុនអូស្មាចើរីស៊តឃាត់ខ្លួន

ចែករំលែក៖

ខេត្តឧត្ត​រ​មានជ័យ ​៖ នៅ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​ និង​០០​នាទី​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ទទួល​ជនសង្ស័យ ​ជា​ជនជាតិ​ចិន​០១​នាក់​ ពី​ប្រធាន​សន្តិសុខ​ក្រុមហ៊ុន អូរ​ស្មា​ច់រី​ស៊​ត ដែល​ត្រូវ​បាន​ខាងក្រុមហ៊ុន​ឃាត់ ​ពីបទ​លួច (​លួច​លុយ​ក្រុមហ៊ុន​ចំនួន​៤០​ម៉ឺន​យ័ន​លុយ​ចិន​ )។ ​

ជនសង្ស័យ មាន ឈ្មោះ ​Yu Wentong ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​ជនជាតិ​ចិន​ មុខរបរ​មក​សុំ​បម្រើការ​នៅ​ក្រុមហ៊ុន ។ ​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​នេះ ​ដោយមាន​ការ​អនុញ្ញាតពី លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ឲ្យ​​ឃាត់ ដើម្បី​​សាកសួរ​ ។ ​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ឆ្លងតាម​ការសាកសួរ​ ជនសង្ស័យ បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លួច​ដូច​ការ​ចោទប្រកាន់​មែន ដោយ​បាន​ធ្វើ​សកម្មភាព​លួច​ តាមរយៈ​គណនី​ធនាគារ ក្រុមហ៊ុន ដែល​បានផ្តល់​កាត​ ដែលមាន​សាច់ប្រាក់ សរុប​ចំនួន​៤០​ម៉ឺន​យ័ន ស្មើ​ប្រមាណ​ប្រាំ​ម៉ឺន​ដុល្លារ តែ​ការ​លួច​នេះ ​បាន​ធ្វើឡើង​នៅ​ប្រទេស​ចិន​ឯណោះ មុន​ពេល​ខ្លួន​មក​សុំ​បម្រើការ​នៅ​ក្រុម​ហ៊ុន នៅ​ស្រុក​ខ្មែរ គឺ ​មិនមែន​ប្រព្រឹត្ត​នៅ​លើ​ទឹកដី​កម្ពុជា​នោះ​ទេ​ ។

បច្ចុប្បន្ន ករណី​នេះ ជំនាញ​កំពុង​ដំណើរការ​តាម​នីតិវិធី​៕ ប៉ែន នួន


ចែករំលែក៖