ព័ត៌មានទាន់ហេតុការណ៍៖

បាត់តំណែងដោយសារតែ សហការជាមួយក្រុមហ៊ុន Huawei របស់ចិន

ចែករំលែក៖

ការដែលមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា អង់គ្លេសបានយល់ព្រមឲ្យបង្កើតបណ្តាញ សេវា 5G នៅក្នុងប្រទេសអង់គ្លេស គឺជា ការព្រមព្រៀងដោយសម្ងាត់មិនឲ្យអាមេរិកដឹងនោះឡើយ ។ ប៉ុន្តែក្រោយកិច្ចប្រជុំសម្រេច ព័ត៌មានខាងលើត្រូវបានបែកធ្លាយជាសាធារណៈ ធ្វើឲ្យរដ្ឋាភិបាលអង់គ្លេសត្រូវប្រឈមមុខ ជាមួយអាមេរិក ។

ពាក់ព័ន្ធនឹងការបែកធ្លាយនោះ រដ្ឋមន្ត្រីការពារជាតិ អង់គ្លេសបាត់បង់តំណែងដោយសារតែ បែកធ្លាយគម្រោងសហការជាមួយ Huawei ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May កាលពីថ្ងៃទី ១ ខែឧសភា បានសម្រេច ដកហូតតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Gavin Willaimson ដោយសារតែបានធ្វើឲ្យបែកធ្លាយនូវខ្លឹមសារនៃកិច្ចប្រជុំ លើគម្រោង បង្កើតបណ្តាញសេវា 5G របស់គណៈកម្មាធិការសន្តិសុខជាតិ ។

សារព័ត៌មាន The Telegraph បានផ្សាយថា កន្លងមកគណៈកម្មាធិការសន្តិសុខជាតិ ដឹកនាំដោយនាយករដ្ឋមន្ត្រីអង់គ្លេស បានបើកកិច្ចប្រជុំនៅថ្ងៃទី២៣ ខែមេសា ដោយយល់ព្រមឲ្យក្រុមហ៊ុន Huawei ជួយបង្កើតសេវា 5G ដូចជា អង់ទែន និងហេដ្ឋារចនាសម្ព័ន្ធ … ។ ប៉ុន្តែ បណ្តា រដ្ឋមន្ត្រីផ្សេងៗទៀត នៅក្នុងជួគណៈរដ្ឋមន្ត្រីបានបង្ហាញពីក្តីបារម្ភ ដដែលទៅលើក្រុមហ៊ុនHuawei របស់ចិន ។

ព័ត៌មានខាងលើបានធ្វើឲ្យរដ្ឋាភិបាលទីក្រុងឡុងដុង ប្រឈមនឹងវិវាទជាមួយអាមេរិក ។ មន្ត្រីអង់គ្លេសបានស្រាវជ្រាវ ថា តើអ្នកណាធ្វើឲ្យបែកធ្លាយ ខ្លឹមសារនៃកិច្ចប្រជុំសម្ងាត់នោះ ។ នៅក្នុងលិខិត ផ្ញើទៅកាន់រដ្ឋមន្ត្រីការពារជាតិ Williamson លោកស្រីនាយករដ្ឋមន្ត្រីបានសរសេរថា «លទ្ធផលស្រាវជ្រាវដោយមានភស្តុតាងគ្រប់គ្រាន់ បានបង្ហាញយ៉ាងច្បាស់ថា លោក Williamson ជាអ្នកទទួលខុសត្រូវ» ។

ចំណែកលោក Williamson បានច្រានចោល ការជាប់ពាក់ព័ន្ធនឹងការបែកធ្លាយព័ត៌មាន ។ ទន្ទឹមនឹងនោះ ក៏បានស្នើឲ្យបើកការស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់លាស់ ។

រដ្ឋាភិបាលអង់គ្លេសកំពុងរងគំនាបយ៉ាងខ្លាំងពីអាមេរិក ជុំវិញការអញ្ញាត ឲ្យក្រុមហ៊ុន Huawei បង្កើតបណ្តាញ5G នៅក្នុងប្រទេសនេះ ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានព្រមាន ថា នឹងកាត់ផ្តាច់ទំនាក់ទំនងចារកិច្ចជាមួយអង់គ្លេស បើប្រទេសនេះ នៅតែប្រើប្រាស់សេវា 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ។

ប៉ុន្តែអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅប្រទេសចិនវិញ បានប្រកាសថា រដ្ឋាភិបាលទីក្រុងឡុងដុង គួរតែសម្រេចគោលនយោបាយជាតិដោយឯករាជ្យ ដើម្បីផលប្រយោជន៍ប្រជាជនអង់គ្លេស ៕


ចែករំលែក៖