ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កាន់តែតានតឹងខ្លាំងឡើងក្រោយពេលមានបាតុករស្លាប់ និងរបួសជាច្រើន ក្នុងពេលប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខ វេណេហ្ស៊ុយអេឡា ។
នៅក្នុងមហាបាតុកម្មកាលពីថ្ងៃទី១ ខែឧសភា មានស្ត្រីម្នាក់ត្រូវបានសម្លាប់ និង២៧នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករ នៅក្នុងទីក្រុង ការ៉ាកាស ប្រទេសវេណេហ្ស៊ុយអេឡា ។ មេដឹកនាំប្រឆាំង ជួន កៃដូ (Juan Guaido) ព្យាយាមប្រមូលផ្តុំក្រុមបាតុករបាតុកម្មប្រឆាំងប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ។
ស្ត្រីរងគ្រោះឈ្មោះ Jurubith Rausseo អាយុ២៧ឆ្នាំបានស្លាប់នៅមន្ទីរពេទ្យ ក្រោយរងគ្រាប់កាំភ្លើងនៅត្រង់ក្បាល ខណៈកំពុងធ្វើបាតុកម្ម ។ អង្គការមិនមែនរដ្ឋាភិបាលនៅវេណេហ្ស៊ុយអេឡាថ្លែងបែបនេះនៅលើបណ្តាញសង្គមធ្វីធើ ។
ប្រភពបញ្ជាក់ថា ការប៉ះទង្គិចបានកើតឡើងកាលពីថ្ងៃទី១ ខែឧសភា ហើយបើតាមមន្ត្រីសុខាភិបាលបញ្ជាក់ថា មនុស្ស២៧នាក់ទៀតបានរងរបួស ក្នុងនោះមានរបួសដោយរងនូវគ្រាប់កាំភ្លើង ។
ស្ថានការនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាបានកើនកម្តៅ តាំងពី លោក កៃដូ ប្រធានរដ្ឋសភា រំលោភបំពានរដ្ឋធម្មនុញ្ញប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទីកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ហើយបានជំទាស់ការបោះឆ្នោតជ្រើសរើសលោក ម៉ាឌូរ៉ូ កាលពីឆ្នាំ២០១៨នោះខុសច្បាប់ ។
កងទ័ពការពារជាតិបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើបាតុករដែលគប់ដុំថ្ម និងព្យាយាមបិទផ្លូវហាវ៉េ ទៅកាន់អាកាសយានដ្ឋានភាគខាងកើតទីក្រុង ការ៉ាកាស ។ ទីនោះ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោក កៃដូ បានព្យាយាមបះបោរធ្វើរដ្ឋប្រហារយោធា ។
២ថ្ងៃក្រោយការប្រឈមមុខដាក់គ្នារវាងក្រុមគាំទ្រគណបក្សប្រឆាំង និងកងកម្លាំងសន្តិសុខរដ្ឋាភិបាល ម៉ាឌូរូនេះ សហរដ្ឋអាមេរិកបានអះអាងថា ខ្លួនត្រៀមសកម្មភាពយោធា បើចាំបាច់ ដោះដោះស្រាយវិបត្តិប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ ៕