ព័ត៌មានទាន់ហេតុការណ៍៖

នៅទីបំផុត ស្ត្រីជនជាតិវៀតណាមជាប់ចោទសម្លាប់បងប្រុសគីម ជុងអ៊ុន ត្រូវបានដោះលែង

ចែករំលែក៖

ស្ត្រីពីរនាក់ដែលរងការចោទប្រកាន់សម្លាប់ លោកគីម ជុងណាម ដែលជាបងប្រុស មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន នៅអាកាសយានដ្ឋានអន្តរជាតិ កូឡាំឡំពួរប្រទេសម៉ាឡេស៊ី ពេលនេះត្រូវបានដោះលែងឲ្យមានសេរីភាព ទាំងពីរនាក់ហើយ។ កន្លងមក តុលាការម៉ាឡេបានដោះលែង ស្ត្រីជនជាតិ ឥណ្ឌូនេស៊ីមុន ហើយនៅពេលនេះ ក៏បានដោះលែងស្ត្រីជនជាតិវៀតណាម ។

តុលាការ នៃប្រទេសម៉ាឡេស៊ី សម្រេចដោះលែង ចេញពីពន្ធនាគារ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ហើយនេះគឺជាការបញ្ចប់ដំណើរការនីតិវិធី លើករណីឃាតកម្មមួយនេះ បើទោះជារងនូវការរិះគន់ថា ឃាតកពិតប្រាកដ មិនដែលប្រឈមមុខនឹងការកាត់ទោសយ៉ាងណាក៏ដោយ ។ លោកគីម ជុងណាម គឺជាបងប្រុស (ឪពុកតែមួយ ម្តាយទីទៃ)របស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ។

លោក Hisyam Tek Poh Teik មេធាវីការពារក្តីឲ្យនាង Doan Thi Huong បានប្រាប់ភ្នាក់ងារសារព័ត៌មានថា កូនក្តីរបស់គាត់ ត្រូវបានដោះលែង ចេញពីពន្ធនាគារមួយ នៅខាងក្រៅទីក្រុង កូឡាឡាំពួរ នៅវេលាម៉ោងប្រហែល៧ និង២០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ។ រហូតមកដល់ពេលនេះ មានរថយន្តមួយគ្រឿងបានមកដឹកនាងចេញពីពន្ធនាគារទៅបាត់ហើយ។

ការដោះលែងនេះ បន្ទាប់ពីសវនាការ កាលពីខែមុន បានសម្រាលទោសនាង មកត្រឹម«បង្ករបួសស្នាម»វិញ លើឃាតកម្ម កាលពីឆ្នាំ២០១៧ ទៅលើលោក គីម ជុងណាម ។ ករណីរបស់នាង បានធ្វើឲ្យរំជើបរំជួល ផ្តោតការយកចិត្តទុកដាក់ និងតាមដាន ពីជុំវិញពិភពលោក ។

នៅមុននោះប៉ុន្មានសប្តាហ៍ នាង Siti Aisyah ជនជាតិឥណ្ឌូនេស៊ី ដែលរងការចោទប្រកាន់ថា ជាឃាតកផងដែរនោះ ត្រូវបានតុលាការ នៃប្រទេសម៉ាឡេស៊ីលើកលែងការចោទប្រកាន់ ហើយនាងបានវិលត្រឡប់ទៅស្រុកកំណើតរបស់នាងវិញហើយដែរ ។

នៅក្នុងសវនាការ ទាំងស្ត្រីជនជាតិវៀតណាម និងជនជាតិឥណ្ឌូនេស៊ី បានបដិសេធថា ពួកនាងមិនបានសម្លាប់មនុស្សទេ ហើយថាពួកនាង ត្រូវបានគេល្បួងឲ្យក្លាយជាកូនអុក នៅក្នុងករណីសម្លាប់បងប្រុសរបស់លោកគីម ជុងអ៊ុន ដោយប្រើសារធាតុអាវុធជីវសាស្ត្រ nerve នៅឯអាកាសយានដ្ឋានទីក្រុងគួឡាឡាំពួរ នោះ។ ឃាតកពិតប្រាកដ ត្រូវគេអះអាងថា បានភៀសខ្លួន ចេញពីប្រទេសម៉ាឡេស៊ី ភ្លាមៗ ក្រោយពេលមានអំពើឃាតកម្មកើតឡើង៕


ចែករំលែក៖