ខេត្តពោធិ៍សាត់៖ កុមារីអាយុ ៨ឆ្នាំម្នាក់ លង់ទឹកស្រះក្បែរផ្ទះស្លាប់ ឪពុកម្ដាយសាច់ញាតិ បានត្រឹមនាំគ្នាទ្រហ៊ោយំសោកស្តាយ ខណៈមានការធ្វេសប្រហែសរបស់ខ្លួន ។
ហេតុការណ៍នេះភ្ញាក់ផ្អើលនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្រះទឹកក្បែផ្ទះឪពុកម្ដាយកុមារីរងគ្រោះ ស្ថិតក្នុងភូមិស្វាយយាង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
របាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងឃើញថា កុមារីរងគ្រោះឈ្មោះ ជឿន យូរី អាយុ ៨ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ ជិន ជឿន អាយុ ៣១ឆ្នាំ និងម្ដាយឈ្មោះ ឈុំ ចាន់រ៉ា បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុកើតហេតុខាងលើ ។
របាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថខាងលើបន្តទៀតថា ករណីកុមារីលង់ទឹកស្លាប់សមត្តកិច្ចសហការ ចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ មូលហេតុជាការធ្វេសប្រហែសរបស់អាណាព្យាបាល ក៏បានធ្វើកំណត់ហេតុ ប្រគល់ទទួលជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ បុឹម ពិន