ព័ត៌មានទាន់ហេតុការណ៍៖

ប្រាប់គេថា ចូលក្នុងបន្ទប់ទឹកបត់ជើងធំមួយភ្លែត បែរជាចងក.ខ្លួនឯងស្លាប់ក្នុងបន្ទប់ទឹក ពុំដឹងមូលហេតុ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសជាកម្មករសំណង់ម្នាក់ប្រាប់គេថា ទៅបត់ជើងធំ តែបែជាចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឯង ក្នុងបន្ទប់ទឹក ដោយពុំដឹងមានវិបត្ដិអ្វីនោះទេ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តកោះទៀវ ស្ថិតក្នុងភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ុន រ៉ែន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅមុនថ្ងៃកើតហេតុ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះមានអារម្មណ៍ខុសប្លែកពីធម្មតា រវើរវាយ ដោយនិយាយថា មានគេតាមចាប់ខ្លួន ហើយជនរងគ្រោះតែងមានអារម្មណ៍ភ័យខ្លាច និងរត់ពួន តែជាការពិតគឺពុំមានអ្នកណាតាមចាប់ជនរងគ្រោះនោះទេ ដោយឃើញសភាពជនរងគ្រោះបែបនោះ ក្រុមគ្រួសារសាច់ញាតិក៏បាននាំជនរងគ្រោះទៅស្រោចទឹកចេញ ។ លុះមដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅសំណង់សំណង់ នៅសាលាបឋមសិក្សាវត្តកោះទៀវ ខណៈមកដល់វេលាម៉ោងប្រមាណ១៥និង៣០នាទី ជនរងគ្រោះបានប្រាប់អ្នកដែលធ្វើការជាមួយគ្នាថា៖ ទៅបត់ជើងធំមួយភ្លែត ហើយក៏ទៅបាត់ទៅ ។

ដោយបាត់ជនរងគ្រោះយូរពេក អ្នកធ្វើការជាមួយមានការងឿងឆ្ងល់ ក៏ដើរតាមរកក្នុងចំការពោតជិតៗនោះ តែរកពុំឃើញនោះទេ ភ្លាមនោះក៏មកមើលនៅបន្ទប់ទឹកដោយឃើញបិទទ្វារហើយជាប់គន្លឹះពីខាងក្នុង រួចក៏អើតមើលស្រាប់តែឃើញជនរងគ្រោះស្លាប់ដោយចងក.ធ្វើអត្ដឃាតខ្លួនឯងទៅនឹងខ្សែក្រវ៉ាត់ជាប់ធ្នឹមបន្ទប់ទឹកទៅហើយ ភ្លាមនោះក៏បង្កការភ្ញាក់ផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលសំពៅពូន ដើម្បីមកពិនិត្យ។

បន្ទាប់ពីសមត្ថកិច្ចប៉ុស្ដិ៍ទទួលបានព័ត៌មានរួច ភ្លាមនោះកម្លាំងប៉ុស្ដិ៍បានរាយការណ៍បន្ដទៅនគរបាលជំនាញស្រុក ចុះមកធ្វើការពិនិត្យ និងកោសល្យវិច្ច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឯងប្រាកដមែន ។ បន្ទាប់ពីធ្វើការពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖