ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ បើកម៉ូតូឆ្លងកាត់ផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបើកបុកបណ្ដាល ឲ្យរបួសធ្ងន់ម្នាក់ នៅស្រុកស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុក និងម៉ូតូបើកបរឆ្លងកាត់ផ្លូវ បណ្តាលឲ្យក្មេងប្រុសម្នាក់ រងរបួសធ្ងន់ ខូចម៉ូតូ១គ្រឿង កាលពីវេលាម៉ោង១៩និង០៥នាទី ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ លើកណាត់ផ្លូវជាតិលេខ០៦ ភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកហុងដា វេវអាល់ហ្វា ពណ៌ខ្មៅ ស្លាកលេខ ពោធិ៍សាត់ 1F.8230 បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ (មិនពាក់មួកសុវត្ថិភាព) រងរបួសធ្ងន់ សន្លប់បាត់បង់ស្មារតី បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្ទោង ។

ចំណែករថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 3E.5029 សណ្តោង សឺមីរុឺម៉ក ស្លាកលេខ ភ្នំពេញ 4A.4886 ដឹកស្រាបៀរ បើកបរទិសដៅពីត្បូងទៅជើង អ្នកបើកបរគេចខ្លួនបាត់ ។

មូលហេតុ បង្កដោយអ្នកបើកបរម៉ូតូបើកបរឆ្លងកាត់ផ្លូវ ខ្ជីខ្ជារ ខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្ដបើកបរមានល្បឿនលឿន ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ជូនក្មេងរងគ្រោះទៅមន្ទីរពេទ្យ និងប្រមូលវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ។ ករណីនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងចងក្រងសំណុំរឿងតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖