ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្ដាយទៅរកស៊ីនៅថៃ ទុកឲ្យជីដូនមើលថែ សម្រាកថ្ងៃត្រង់ ចៅលង់ទឹកបៀស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជីដូនបានស្រែកទ្រហ៊ោយំបង្កការភ្ញាក់ផ្អើល ដល់អ្នក ភូមិនាំគ្នាប្រញាប់ប្រញាល ជួយសង្គ្រោះចុះស្រង់ចេញពីក្នុងទឹកបៀខាងក្រោយផ្ទះ ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈជីដូនជាប់រវល់ដេក ថ្ងៃ មានការធ្វេសប្រហែស ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ ព.ស ២៥៦ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុង ភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា ក្មេងប្រុស ដែលរងគ្រោះមានឈ្មោះផៃ ឧត្តម អាយុ៣ ឆ្នាំ ខណៈឪពុកម្ដាយជាប់រវល់ទៅរកស៊ីនៅប្រទេសថៃ ដោយទុកឲ្យជីដូនមើលថែជំនួស ។

តាមជីដូនឈ្មោះ រស់ សាវី អាយុ៥១ឆ្នាំ មុខរបរកសិករបានរៀបរាប់ទាំងទឹកភ្នែកថា មុនកើតហេតុគាត់ និងតា ឈ្មោះ ឆង ម៉ុល អាយុ៥៣ ឆ្នាំ មុខរបរកសិករ ក្រោយពីហូបបាយ ថ្ងៃត្រង់រួច ក៏បានសម្រាកលេងបន្តិច ប្រមាណកន្លះម៉ោង ក៏ភ្ញាក់ឡើង និងស្រែកហៅចៅប្រុស ក៏នាំគ្នាដើររកស្រាប់តែប្រទះឃើញធ្លាក់ក្នុងទឹកបៀខាងក្រោយផ្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នក ភូមិនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះ ចុះស្រង់ចេញពីក្នុងទឹកបៀខាងក្រោយផ្ទះ ប៉ុន្តែអកុសលហួសពេលទៅ ។

សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យជីដូនយកទៅធ្វើបុណ្យទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖