ព័ត៌មានទាន់ហេតុការណ៍៖

​គ្រោះថ្នាក់យន្តហោះនៅម៉ិចស៊ីកូ ស្លាប់១៣នាក់

ចែករំលែក៖

មនុស្សនៅលើយន្តហោះទាំង១៣នាក់ ស្លាប់រួមទាំងក្រុមអាកាសយានិក​៣នាក់ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ធ្លាក់យន្តហោះ ធុនតូច នៅក្នុងប្រទេសម៉ិចស៊ីកូ ។

ហេតុការណ៍គ្រោះថ្នាក់កើតឡើងកាលពីថ្ងៃទី​៦ ខែឧសភា បណ្តាលឲ្យមានអ្នកស្លាប់​ ។ នៅពេល ដំបូងស្លាប់១១នាក់ និង​២នាក់រងរបួសធ្ងន់ ។ ក្រោយមកអ្នករបួសក៏បានស្លាប់ផងដែរ ។

មន្ត្រីរដ្ឋាភិបាលក្នុងរដ្ឋ​ Coahuila ​ភាគខាងជើងម៉ិចស៊ីកូ បានប្រកាសឲ្យដឹងថា យន្តហោះធុនតូច មួយគ្រឿងហោះហើរ ពីទីក្រុង Las Vegas អាមេរិក ទៅកាន់ ទីក្រុង​ Monterrey ​ស្ថិតនៅក្នុងរដ្ឋ​ Nuevo Leon ​ប្រទេសម៉ិចស៊ីកូ ។

លោក​ Miguel Riquelme ​អភិបាលរដ្ឋ​ Coahuila ​បានបញ្ជាក់ថា យន្តហោះឯកជន របស់ក្រុមហ៊ុន Bombardier Challenger601 ​បានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ McCarran de Las Vegas នៅវេលាម៉ោង​២២ យប់ថ្ងៃទី៦ ខែឧសភា​ ។ យន្តហោះខាងលើបានបាត់ទំនាក់ទំនងពីប្រព័ន្ធរ៉ាដា​ ពេលហោះហើរឆ្លងកាត់ តំបន់​ Sierra Mojada ​រដ្ឋ​ Coahuila ។

ប្រភពព័ត៌មាន​ក្នុងតំបន់បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ ​១១នាក់ និងក្រុមអាកាសយានិក​៣នាក់​ ។ ក្រុមជួយសង្គ្រោះ​ និងសន្តិសុខ បានទៅដល់កន្លែងកើតហេតុភ្លាម​ៗ ដើម្បីជួយសង្គ្រោះ និងបើកការស្រាវជ្រាវពីមូលហេតុ បណ្តាលឲ្យគ្រោះថ្នាក់ ៕


ចែករំលែក៖