ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសហប៊ុកយ៉ាងដូច្នេះថា៖
ក្នុងឱកាសអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញនាព្រឹកនេះ ថវិកាសរុបបឋមដែលទទួលបានពីសប្បុរសជនបានចូលរួមវិភាគទានក្នុងវិស័យមនុស្សធម៌នៃកាកបាទក្រហមកម្ពុជាសម្រាប់ឆ្នាំ២០១៩ មានចំនួន 20,757,510 USD(ម្ភៃលាន ប្រាំពីររយហាសិបប្រាំពីពាន់ប្រាំរយដប់ដុល្លាគត់ ដុល្លាសហរដ្ឋអាមេរិក)។
សូមថ្លែងអំណរគុណ ដល់សប្បុរសជនជាតិ អន្តរជាតិ ទាំងអស់បានចូលរួមចំណែកជាថវិកាក្នុងសកម្មភាពកាកបាទក្រហមកម្ពុជាសំរាប់បន្តនូវសកម្មភាពមនុស្សធម៌ជាបន្តទៀត។ ការបរិច្ចាករបស់សប្បុរសជនទាំងអស់គឺជាកម្លាំងមនុស្សធម៌ ដែលជាវប្បធម៌ចែករំលែក និងនៅតែជាកម្លាំងដ៏រឹងមាំ និងជាប្រភពធនធានមិនចេះរីងស្ងួត សំរាប់បំរើដល់វិស័យមនុស្សធម៌៕