ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់ធ្វើសកម្មភាពយោធា រដ្ឋមន្ត្រីអាមេរិកទៅកាន់អ៊ីរ៉ាក់បន្ទាន់

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបំពេញទស្សនកិច្ចជាបន្ទាន់ទៅកាន់ប្រទេសអ៊ីរ៉ាក់ ដោយគ្មានការ ព្រាងទុក ។ ដំណើរទស្សនកិច្ចនោះ កើតឡើង ក្នុងពេលដែលអ៊ីរ៉ង់កំពុងតែបញ្ជូនកាំជ្រួចមីស៊ីល រយៈចម្ងាយខ្លីទៅកាន់តំបន់ឈូងសមុទ្រ ។

ប្រភពព័ត៌មានបានឲ្យដឹងថាមីស៊ីលដែលអ៊ីរ៉ង់បញ្ជូនទៅកាន់ឈូងសមុទ្រនោះ គឺត្រៀមលក្ខណៈវាយប្រហារទៅលើគោលដៅរបស់អាមេរិក និងសម្ព័ន្ធមិត្ត អារ៉ាប៊ី សាអូឌិត បារ៉ែន និងកាតា ។ ក្រៅពីនេះ អាមេរិក បានលើកឡើងថា អ៊ីរ៉ងអាច នឹងវាយប្រហារទៅលើទីតាំងរបស់អាមេរិក នៅក្នុងទឹកដីអ៊ីរ៉ាក់ និងស៊ីរីផងដែរ ។

សកម្មភាពខាងលើបានធ្វើឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិក សម្រេចលុបចោលគម្រោងទៅកាន់ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ហើយបង្វែគោលដៅទៅជួបមេដឹកនាំអ៊ីរ៉ាក់វិញ នៅក្នុងអំឡុងពេលឈប់សំចត រយៈពេល៤ម៉ោង នៅរដ្ឋធានី បាដាដ ។

ដំណឹងលម្អិតទាក់ទង និងដំណើរទស្សនកិច្ចរបស់លោក ប៉ុមប៉េអូ ទៅកាន់ប្រទេសអ៊ីរ៉ាក់នេះ សហរដ្ឋអាមេរិកមិនបានបញ្ចេញប្រាប់ជាសាធារណៈនោះឡើយ ។ ប៉ុន្តែទោះបីជាយ៉ាងណា ព័ត៌មានស្តីអំពីជំនួបនេះ បានលេចចេញពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Adil Abdul-Mahdi ទៅវិញទេ ។

ថ្លែងប្រាប់ក្រុមអ្នកកាសែត ក្រោយជំនួបនោះ មេដឹកនាំអ៊ីរ៉ាក់ បានបញ្ជាក់ថា លោក ប៉ុមប៉េអូ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានសំដៅផ្ទាល់តែម្តង នៅក្នុងគោលបំណង នៃដំណើរទស្សនកិច្ចនេះ មកពីមូលហេតុ សហរដ្ឋអាមេរិកកំពុងមានស្ថានការណ៍តានតឹងថ្មីៗនេះ ជាមួយប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសជិតខាងរបស់ប្រទេសអ៊ីរ៉ាក់ ។

ប្រភពបន្តថា លោក ប៉ុម ប៉េអូ ថ្លែងថា លោកមានបំណងពិភាក្សាជាមួយមេដឹកនាំអ៊ីរ៉ាក់ ដើម្បីធានាចំពោះពួកគេថា យើងត្រៀមខ្លួនបន្ត ធានាការពារអ៊ីរ៉ាក់ ជាប្រទេស មានដែនអធិបតេយ្យ ពេញលេញ ហើយជាប្រទេសមានឯករាជភាពត្រឹមត្រូវ ។ សហរដ្ឋអាមេរិកចង់ជួយអ៊ីរ៉ាក់ ដើម្បីកុំឲ្យពឹងអាស្រ័យតែទៅលើកិច្ចព្រមព្រៀង ទិញប្រេងពីអ៊ីរ៉ង់បន្ដទៀត ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ នាវាផ្ទុកយន្តហោះអាមេរិក បានដាក់ពង្រាយ នៅក្នុងតំបន់ ហើយត្រូវមន្ត្រីអាមេរិក បានលើកឡើងថា នេះគឺជាទប់ស្កាត់នូវការគំរាមកំហែងណាមួយ មកលើកងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្តពីសំណាក់ប្រទេសអ៊ីរ៉ង់ ។ មន្ត្រីអាមេរិក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ បានបង្ហាញអំពីផែនការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់ឈូងសមុទ្រ Gulf ៕


ចែករំលែក៖