ព័ត៌មានទាន់ហេតុការណ៍៖

លួចគាស់ទូកុងតឺន័របម្រុងលួចយកសម្ភារមានតម្លៃ មិនបានសម្រេច ត្រូវម្ចាស់ឃើញទាន់ រត់ចោលម៉ូតូ២គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នាប្រមាណ៥នាក់ បានធ្វើសកម្មភាពផ្លោះរបងចូលគាស់ទូកុងតឺន័រ លួចកង់ឡាន និងសម្ភារផ្សេងៗ ត្រូវម្ចាស់ឃើញទាន់រត់ចែកជើងគ្នាបន្សល់ទុកម៉ូតូ២គ្រឿង ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចឃ្លាំងលក់គ្រឿងបន្លះរថយន្តមួយកន្លែង ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បើតាមសម្ដីបុរសម្នាក់អះអាងថា ខ្លួនជាម្ចាស់ឃ្លាំងខាងលើ បានប្រាប់ឲ្យដឹងថា មុនយប់ថ្ងៃកើតហេតុ១ថ្ងៃ គឺគាត់បានបាត់បង់កង់រថយន្តប្រភេទធំៗអស់ចំនួន១០គ្រាប់ (មិនបានបញ្ចាក់តម្លៃ) ។ រួចនៅយប់កើតហេតុ គាត់ក៏រង់ចាំឃ្លាំមើល រហូតមានជនសង្ស័យប្រមាណ៥នាក់បានផ្លោះរបងលួចគាស់ទូកុងតឺន័រ បម្រុងលួចយកកង់រថយន្ត និងសម្ភារផ្សេងៗ ដែលមានតម្លៃក្នុងនោះ ទើបរូបគាត់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ តែធ្វើឲ្យក្រុមជនសង្ស័យទាំងនោះដឹងខ្លួនទាន់ នាំគ្នារត់ចែកជើងគ្នាបន្សល់ទុកម៉ូតូចំនួន២គ្រឿងនៅក្បែរឃ្លាំងរបស់គាត់ ដោយ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1R-0824 និងមួយគ្រឿងទៀតម៉ាក MSX គ្មានស្លាកលេខ ។

ក្រោយមក កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយស្រាវជ្រាវរុករកតាមគុម្ពព្រៃក្បែរទីតាំងខាងលើ អស់រយៈពេលជិត១ម៉ោង នៅតែមិនឃើញជនសង្ស័យ ទើបសមត្ថកិច្ចដកហូតម៉ូតូចំនួន២គ្រឿងខាងលើ យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលសង្កែ២ រង់ចាំស្រាវជ្រាវតាមចាប់ជនសង្ស័យទាំងនោះបន្តទៀតនៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖