ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានបងបង្កើតប្រាប់ឲ្យដឹងថា រូបគេធ្លាប់រៀននៅមហាវិទ្យាល័យ ហើយបែកគំនិតទៅសេពគ្រឿងញៀនជាមនុស្សមិនល្អ រហូតដល់មានជំងឺសរសៃប្រសាទ ហើយបានដាច់ចិត្ត ចងកសម្លាប់ខ្លួន នៅក្នុងផ្ទះជាន់ទី២ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងផ្ទះលេខ៦A ជាន់ទី២ ជាប់ផ្លូវសូនី ក្នុងផ្ទះជនរងគ្រោះផ្ទាល់ ស្ថិតនៅ ភូមិទ្រា១ ក្រុម៤ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ឡុង រតនា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ នៅលីវ មិនទាន់មានប្រពន្ធ ។
តាមសម្តីស្រ្តីម្នាក់ត្រូវជាម្តាយបង្កើតជនរគ្រោះ បានប្រាប់ឲ្យដឹងថា កូនប្រុសរបស់គាត់ ២ ឆ្នាំមុនបានឈប់រៀននៅមហាវិទ្យាល័យ ដោយសារតែកូនរបស់គាត់បានសេពគប់ជាមួយមនុស្សមិនល្អ រហូតដល់ញៀនថ្នាំថែមទៀត ហើយបានលក់ម៉ូតូអស់ជាច្រើនគ្រឿង និងសម្ភារមានតម្លៃមួយចំនួនទៀត ហើយរូបគាត់ជាម្ដាយ ក៏បានយកកូន (ជនរងគ្រោះ) របស់គាត់ទៅមណ្ឌលកែប្រែ(ឱកាសខ្ញុំ) ពេលត្រឡប់មកវិញ ជនរងគ្រោះបានប្រាប់ថា ឈប់ជក់ហើយ រូបគាត់ជាម្តាយត្រេកអរណាស់ ក៏ទិញម៉ូតូឲ្យជិះដើម្បីទៅរៀនបន្ត ។ តែមិនបានប៉ុន្មាន ថ្ងៃផង បានជក់ថ្នាំលើសដើម ក៏លក់ម៉ូតូយកលុយទៅជក់ថែមទៀត ។
ប្រភពដដែលបានបន្តទៀតថា ចាប់តាំង ពីកូនប្រុសរបស់គាត់ ញៀនថ្នាំមកតែងតែមាន អារម្មណ៍ រវើររវាយ ត្អួញត្អែរថាឈឺក្បាល ហើយថា គេចង់ចាប់ដាក់គុក មានមនុស្សច្រើនណាស់តាមរកគេ ហើយដើរឈរ ជក់បារីតែឯង ដោយមិនមាត់ មិនក រកអ្នកណានោះទេ ដូចជាមនុស្សមាន ជំងឺប្រចាំកាយ និងវិបត្តិផ្លូវចិត្តអ្វីមួយ លុះមកដល់ ថ្ងៃកើតហេតុ នៅក្បាលព្រលប់ ពួកគាត់ និងកូនស្រីរបស់គាត់ បានលឺសូក្ឌាំងលើផ្ទះជាន់ទី២ ពួកគាត់មិនហ៊ានឡើងទៅមើលទេ ខ្លាចកូនប្រុសរបស់គាត់រករឿង លុះមកដល់ម៉ោងកើតហេតុខាងលើ បងប្រុសបង្កើតរបស់ជនរងគ្រោះខាងលើ មកពីធ្វើការវិញ ក៏បានដើរឡើង ទៅលើជាន់ទី២ ក៏ស្រាប់តែឃើញ ប្អូនប្រុសរបស់គាត់ បានចងកសម្លាប់ខ្លួន ជាមួយ នឹងខ្សែ នីឡុង ជាមួយចម្រឹងដែកប្រហោង ខ្យល់លើទ្វារខាងមុខ ស្លាប់បាត់ទៅហើយ ។
ឃើញសភាពបែបនេះហើយ រូបគាត់ បានឆោឡោឡើង ឲ្យគេឯងជួយ ព្រមទាំងផ្តល់ដំណឹងទៅដល់សមត្ថកិច្ច មូលដ្ឋាន ចុះទៅកន្លែងកើតហេតុ ដើម្បីសាកសួរពីដំណើររឿង ព្រមទាំងទំនាក់ទំនងហៅខាងជំនាញ មកធ្វើកោសល្យវិច័យឲ្យចុះទៅពិនិត្យសាកសពតែម្តង ។
ក្រោយពេលកើតហេតុ បន្ទាប់ពីជំនាញកោសល្យវិច័យ ចុះទៅពិនិត្យសាកសព រួចសន្និដ្ឋានថា សពជនរងគ្រោះ ពិតជាបាន ធ្វើ អត្តឃាតដោយចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយមិនមាន ទាក់ទង នឹងករណីអ្វីផ្សេងៗទៀតទេ រួចហើយ ក៏បានប្រគល់សពឲ្យក្រុមគ្រួសារ ដឹកយកទៅវត្តទឹកថ្លាធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ