ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលសម្រេចផ្តល់ដីសង្គមកិច្ច សរុប២៤០ហិកតាដល់កម្លាំងការពារព្រំដែន

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ដីសម្បទានសង្គមកិច្ចជាង២០០ហិកតា នឹងត្រូវផ្តល់ជូនកងកម្លាំងការពារព្រំដែន ក្នុងខេត្តមណ្ឌលគិរី ក្រោយពីរាជរដ្ឋាភិបាលសម្រេច កាលពីឆ្នាំ២០១៨ ។

លោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រុមការងារជំនាញបានចុះពិនិត្យទីតាំងជាក់ស្តែង កាលពីថ្មីៗនេះ ដើម្បីរៀបចំការឈូសឆាយដីសម្បទានសង្គមកិច្ច ចំនួន៣ទីតាំង មានទំហំផ្ទៃដី សរុប២៤០ហិកតា សម្រាប់សាងសង់លំនៅឋាន ជូនកងកម្លាំងឈរជើង នៅតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្រ្តស្រុកពេជ្រាដា ស្រុកអូររាំង និងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោកប្រធានមន្ទីររូបនេះ បានន្តថា ការចុះមកពិនិត្យនេះ បានធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេច ចេញអនុក្រឹត្យលេខ ១៦៤ អនក្រ.បក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ដីពីការកាត់ផ្ទៃដី សរុប២៤០ហិកតា ចេញពីគម្របព្រៃឆ្នាំ២០០២ ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែនជម្រកសត្វព្រៃស្រែពក និងធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើសម្បទានដីសង្គមកិច្ចជូនគ្រួសារកងទ័ព និងនគរបាលជាតិឈរជើងការពារ នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។

ក្នុងអំឡុងពេលចុះពិនិត្យដីនោះ គណៈប្រតិភូ នៃក្រសួងបរិស្ថាន នឹងរៀបចំរបាយការណ៍ ដាក់ជូនថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដើម្បីសម្រេចជាគោលការណ៍ អនុញ្ញាតឲ្យឈូសឆាយ និងប្រគល់ភារកិច្ចជូនឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីបន្តការងារសម្របសម្រួល ជាមួយនឹងអាជ្ញាធរខេត្តមណ្ឌលគិរី៕ហេង សូរិយា


ចែករំលែក៖