ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺកំពុងបន្តនីតិវិធីសួរបំភ្លឺបន្ថែមពីស្ត្រី ជាប្រពន្ធជនដៃដល់ក្នុងការបាញ់សម្លាប់គ្រូបង្រៀនផ្នែកកីឡាពាក់ព័ន្ធរឿងសហាយស្មន់។
លោកវរសេនីយ៍ឯកសម សាក់នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺបានប្រាប់នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩នេះថា ករណីឃាតកម្មបាញ់សម្លាប់គ្រូបង្រៀនផ្នែកកីឡានៅអនុវិទ្យាល័យហោមសំណំស្រុកឱរ៉ាល់នោះ សមត្ថកិច្ចជំនាញកំពុងហៅប្រពន្ធឃាតកដើម្បីមកសាកសួរបន្ថែម និងស្វែងរកវត្ថុតាងផ្សេងៗទៀត។
លោក សម សាក់ បានបញ្ជាក់ថា «ជនសង្ស័យ ឈ្មោះ ជួន ធានីរាសី ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើត ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្ន មានទីលំនៅ ភូមិ៤ សង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបាញ់សម្លាប់ជនរងគ្រោះជាគ្រូបង្រៀនបានសារភាពពីមូលហេតុ នៃការបាញ់សម្លាប់ គឺដោយសាររឿងប្រចណ្ឌលួចសហាយស្មន់ជាមួយប្រពន្ធរបស់ខ្លួន»ជនសង្ស័យជាភរិយា ឈ្មោះ សុខ ស្រីនាង ។
សូមរម្លឹកថា កាលពីវេលាម៉ោង១២និង ៣៥នាទី ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩ កន្លងមកនេះខ្មាន់កាំភ្លើង បានជិះម៉ូតូចូលបាញ់ប្រហារលើជនរងគ្រោះឈ្មោះ ទូច វាសនា ភេទប្រុស អាយុ២៥ឆ្នាំ បណ្ដាល ឲ្យស្លាប់ក្នុងថ្លុកឈាម ខណៈពេលកំពុង ហូបបាយជុំគ្នាជាមួយគ្រូដទៃទៀតនៅ ខ្យូសក្នុងសាលារៀន។
ហេតុការណ៍បាញ់ប្រហារនេះ កើតមានឡើងនៅអនុវិទ្យាល័យតាំងរបង ក្នុងភូមិតាំងរបង ឃុំហោមសំណំ ស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ។
មន្ត្រីនគរបាល បានចាត់ទុកករណីនេះ ជាអំពើឃាតកម្មគិតទុកជាមុនព្រោះទៅ បាញ់សម្លាប់បុរសម្នាក់ជាគ្រូបង្រៀន នៅ អនុវិទ្យាល័យតាំងរបង ឃុំហោមសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ជនល្មើសបានប្រើប្រាស់អាវុធខ្លី មួយ ដើម ម៉ាក K54 ធ្វើសកម្មភាពជិះម៉ូតូ ម៉ាក Honda C70 គប់ជ្រុង ពណ៌ទឹកប៊ិច ស្លាក លេខ 1A-8250 បន្ទាយមានជ័យ ចូលសំដៅមកអែបរបងសាលារៀនគាប់ជួនជនរងគ្រោះកំពុងហូបបាយជុំគ្នាជាមួយគ្រូបង្រៀនដទៃទៀត នៅខ្យូសក្នុងសាលារៀន។
លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិ ការនគរបាលស្រុកឱរ៉ាល់ឲ្យដឹងថា ជន ល្មើសបានព្យាយាមរត់គេចខ្លួនដោយបោះចោលអាវុធខ្លីក្នុងគុម្ពស្មៅ ដោយរត់សំដៅ ទៅថ្នល់ជាតិ ប៉ុន្តែដោយមានកិច្ចសហការ ល្អ និងមានការបញ្ជាផ្ទាល់ពី លោកឧត្ដម សេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តចុះហ៊ុមព័ទ្ធរុករកនិងចាប់ឃាត់ខ្លួន ជនល្មើសបានភ្លាមៗដោយប្រើពេលវេលាប្រមាណ២០នាទីប៉ុណ្ណោះ។
ក្រោយពេលឃាត់ខ្លួនដកហូតបានវត្ថុតាងរួមមាន ៖ អាវុធខ្លី K54 មួយដើម គ្រាប់ ៨គ្រាប់ ម៉ូតូ មួយគ្រឿង ម៉ាក Honda គុប ជ្រុង និង សម្ភារគ្រឿងលោហៈពណ៌លឿង ពណ៌ស ឯកសារផ្ទាល់ខ្លួនមួយចំនួនទៀត ។
ឃាតក បានសារភាពថា «ធ្លាប់មានគំនុំ ជាមួយជនរងគ្រោះព្រោះ ជនរងគ្រោះទាក់ទងស្នេហាជាមួយប្រពន្ធគេ បន្ទាប់ពីបានលះលែងប្រពន្ធអស់រយៈពេលប្រហែល ៥ខែ។ មូលហេតុលះលែងមកពីជនរងគ្រោះ និងប្រពន្ធលួចលាក់សហាយស្មន់ជាមួយគ្រូបង្រៀន។
តាមប្រភពព័ត៌មានពីអ្នកធ្លាប់ស្គាល់ បុរសជាឃាតកធ្លាប់ចេញចូល និងស្គាល់ មន្ត្រីយោធាភូមិភាគ៣មួយចំនួន។ ដូច្នេះកាំភ្លើងដែលឃាតកប្រើក្នុងការបាញ់សម្លាប់មនុស្សក៏អាចមានប្រភពចេញពីមន្ត្រីយោធាខិលខូចនោះក៏ថាបាន។
បច្ចុប្បន្ន ជនល្មើសត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាក សួរនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ ហេង នរិន្ទ្រ