ភ្នំពេញ ៖ ប្រជាពលរដ្ឋ៨គ្រួសារដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃរយៈពេលជាង១០ឆ្នាំ នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ ជាមួយលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផាន អីុម៉ិច បានផ្ទុះការតវ៉ាជាថ្មីម្តងទៀតហើយកាលពីព្រឹកថ្ងៃទី៧ ឧសភា ២០១៩នេះ ខណៈដែលក្រុមហ៊ុនផាន អីុម៉ិចនេះ បានធ្វើសកម្មភាពបូមខ្សាច់ ចាក់បំពេញដីមានទំនាស់ ដែលតុលាការបានចេញដីការក្សាការពាររួចហើយនោះ។
ប្រជាពលរដ្ឋបានលើកដៃសំពះពីចម្ងាយស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយអន្តរាគមន៍ក្នុងរឿងនេះ ដោយ ជួយផ្តល់យុត្តិធម៌ជូនពួកគាត់ដែលកំពុង រងគ្រោះនូវអំពើអយុត្តិធម៌ផង ។
លោក រៀល ណារិទ្ធ តំណាងប្រជាពល រដ្ឋ៨គ្រួសារ បានអះអាងប្រាប់អ្នកសារព័ត៌ មាន កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះថា ដីធ្លីនេះ ប្រជាពលរដ្ឋទាំង៨គ្រួសារ បានទទួលពីក្រុមសាមគ្គីសរុបទំហំ៤ហិកតា ដោយក្នុងមួយគ្រួសារទទួលបានប្រហែល ៤៤៤០ ម៉ែត្រការ៉េ និង បានកាន់កាប់ដោយសុចរិត ក្នុងឆន្ទះជាម្ចាស់ដីតាំងពី កំឡុងឆ្នាំ១៩៩៥ មកមេ្ល៉ះ ។
តំណាងប្រជាពលរដ្ឋបញ្ជាក់ថា ចាប់តាំងពីបានធ្វើការកាន់កាប់មក ពួកគាត់បានបង្កបង្កើនផល លើដីជាក់ស្តែងប្រកបអាជីវកម្មចិញ្ចឹមទា និង ដាំដំណាំស្វាយ ចេកជាដើម ។ រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៥ ស្រាប់តែក្រុមហ៊ុន ផាន អីុម៉ិច បានយកគ្រឿងចក្រមកឈូសឆាយដំណាំ និង ផ្ទះដែលជាទ្រព្យសម្បត្តិ នៅលើដី ដែលពួកគាត់កំពុងកាន់កាប់ ។ ស្របពេលជាមួយគ្នានេះ ពួកគាត់ពុំមានលទ្ធភាពក្នុងការតតាំងឡើយ ដោយហេតុថា នៅពេលក្រុមហ៊ុនចុះមកឈូសឆាយនោះ មានការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធឈរការពារ។
លោក រៀល ណារិទ្ធ បន្តថា ការរំលោភបំពានពីសំណាក់ក្រុមហ៊ុន ផាន អីុម៉ិច បានធ្វើឲ្យពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ ត្រូវបាត់បង់ទ្រព្យសម្បត្តិដែលបានគ្រប់ គ្រង និង កាន់កាប់ ដោយសុចរិត ព្រមទាំងជាទីកន្លែងចាំបាច់សម្រាប់ប្រកបរបរចិញ្ចឹមជីវិតថែមទៀតផង ។
លោកបន្តថា ក្រោយពីមានការតវ៉ាទៅស្ថាប័នផ្សេងៗ ក៏ដូចជាស្ថាប័នតុលាការរួច មក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ លោកចៅ ក្រមរស់ ពិសិដ្ឋ បានទទួលចាត់ការលើសំណុំរឿងរក្សាការពារលេខ ៦០០ ចុះថ្ងៃទី១៧ធ្នូឆ្នាំ២០១៨ ដែលមានភាគីម្ចាស់បំណុលឈ្មោះរៀល ណារិទ្ធ ភេទប្រុស អាយុ ៤៨ ឆ្នាំនិងឈ្មោះ ហៀម ដារ៉ាភេទប្រុស អាយុ៤៩ ឆ្នាំបានដាក់ពាក្យស្នើសុំដីកាសម្រេចរក្សាចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៨តុលាការបានសម្រេចដីកាសម្រេចចាត់ចែងបណ្ដោះអាសន្នលេខ ៥០១ ត ចុះថ្ងៃទី២១ធ្នូ ឆ្នាំ ២០១៨ ដែលបានសម្រេចចាត់ចែងជាបណ្ដោះអាសន្នហាមឃាត់កូនបំណុលឈ្មោះស៊ុយសុផានជាប្រធានក្រុមហ៊ុនផានអីុម៉ិច មិនឲ្យលក់ដូរ បញ្ចាំដាក់ធានា ធ្វើប្រទានកម្ម ធ្វើ អច្ច័យទានធ្វើអំណោយ មរតក បង្កើតហុីប៉ូតែក ធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថ កាយយកអាចម៍ដីនិងធ្វើសកម្មភាព ផ្សេងៗ ចំពោះដីស្រែមានទំនាស់នេះ។ ប៉ុន្តែនៅដើមខែមេសា ឆ្នាំ២០១៩ នេះស្រាប់តែក្រុមហ៊ុន ផានអីុម៉ិច បានធ្វើ សកម្មភាពបូមខ្សាច់ចាក់បំពេញទៅលើដីដែលមានទំនាស់ជាថ្មីម្តងទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការតវ៉ាជាថ្មី ។
បញ្ហានេះប្រជាពលរដ្ឋបានស្នើសុំទៅសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ដល់ពួកគាត់ផង។
ការលើកឡើង និងចោទប្រកាន់ពី សំណាក់តំណាងប្រជាពលរដ្ឋខាងលើនេះសារព័ត៌មាននគរវត្ត មិនអាចទំនាក់ទំនងទៅលោកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផាន អីុម៉ិចបានឡើយកាលពីថ្ងៃទី៩ ខែឧសភានេះ ដើម្បីបំភ្លឺជុំវិញរឿងរ៉ាវនេះ៕ នរិន្ទ្រ