ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងទៅទីក្រុងប៉េកាំង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែពិសាខ ឆ្នាំកុរ ឯកស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីយាងចូលរួមក្នុងវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលរៀបចំដោយប្រទេសចិន តបតាមការយាងរបស់ លោកប្រធានាធិបតីចិន ស៊ី ជីនពីង។

នៅក្នុងឱកាសនេះដែរ គឺមានមន្រ្តីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្សជាច្រើន បានយាង និងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកមិញនេះយ៉ាងច្រើនកុះករ។

សូមជំរាបផងដែរថា កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះ នឹងផ្តោតលើប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ី ការយល់ដឹងពីគ្នាទៅវិញទៅមក និងសហគមន៍រួមវាសនា។ គោលបំណងសំខាន់ គឺឆ្ពោះទៅមុខដើម្បីទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យនៃអរិយធម៌នៅអាស៊ីនិងពិភពលោក បង្កើតជាវេទិកាសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមកនិងទទួលបាននូវការអភិវឌ្ឍទៅវិញទៅមក បង្កើនទំនុកចិត្តលើវប្បធម៌អាស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមកម្លាំងគ្នាដោយមានការយោគយល់គ្នាក្នុងការអភិវឌ្ឍតំបន់អាស៊ី ជំរុញឱ្យមានភាពរឹងមាំនៃការបង្កើតថ្មីនៅអាស៊ី ផ្ដល់ការគាំទ្រខាងស្មារតីដល់សហគមន៍រួមវាសនានៅអាស៊ី និងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

ព្រះអង្គ នឹងយាងនិវត្តន៍មកប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ក្រោយបញ្ចប់វេទិកានៅប្រទេសចិន។

សូមព្រះអង្គមានព្រះរាជសុវត្ថិភាពទាំងក្នុងពេលយាងទៅបំពេញបេសកម្មនៅប្រទេសចិន និងក្នុងពេលយាងនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ៕


ចែករំលែក៖