ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេរដ្ឋបាលព្រៃឈើ រវៀង លោក ស៊ុំ ស៊ីវុត្ថា កំពុងត្រូវប៉ាន់

ចែករំលែក៖

ប្រភពពីប្រជាពលរដ្ឋក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថាលោក ស៊ុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង កំពុងប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ព្រោះមានការឃុបឃិតបើកដៃពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងពីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ។ តាមការអះអាងពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលពួកគាត់ដឹកឈើបន្តិចបន្តួចតាមគោយន្តឬតាមរថយន្តដើម្បីយកទៅសាងសង់លំនៅដ្ឋានឬជួសជុលលំនៅដ្ឋានពេលមកដល់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ត្រូវបានលោក ស៊ុំ ស៊ីវុត្ថា គាបយកលុយតាមអំពើចិត្តដោយគ្មានការយោគយល់ទាល់តែសោះ។ ប្រសិនបើពួកគាត់មិនបង់លុយតាមការកំណត់ទេនោះ គឺលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា ចាត់វិធានការបង្ក្រាបយកស្នាដៃយ៉ាងកំរោលជាមិនខាន ។

តាមការកត់សម្គាល់ពីប្រជាពលរដ្ឋក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា នៅពេលពួកគាត់ដឹកឈើបនិ្តចបន្តួចតែងតែរងការគាបយកលុយពីសំណាក់លោក ស៊ុំ ស៊ីវុត្ថា យ៉ាងកំរោល ប៉ុន្តែនៅពេលឈ្មួញដឹកជញ្ជូនឈើតាមរថយន្តធុនធំៗកាត់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង មិនដែលឃើញលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា ចាត់វិធានការទប់ស្កាត់នោះទេ។ ផ្ទុយទៅវិញពួកគាត់ឃើញលោក ស៊ុំ ស៊ីវុត្ថា ហុចដៃទទួលលុយពីម្ចាស់រថយន្តដឹកឈើធំៗទាំងនោះ ហើយអនុញ្ញាតឲ្យបន្តដំណើរទៅមុខយ៉ាងសុខស្រួលមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ដូច្នេះហើយទើបឈ្មួញធំៗអាចដឹកជញ្ជូនឈើពីស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តសៀមរាប និងខេត្តកំពង់ធំ យ៉ាងរលូនព្រោះលោក ស៊ុំ ស៊ីវុត្ថា កំពុងសប្បាយប្រមូលលុយ ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា ការដែលលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា មេរដ្ឋបាលព្រៃឈើស្រុករវៀង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ជាបង្អែកដ៏រឹងមាំ។ ដោយសារអាងមានខ្នងបង្អែករឹងមាំបែបនេះហើយទើបលោក ស៊ុំ ស៊ីវុត្ថា ឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ស្រុករវៀង ចូលទៅខេត្តសៀមរាប និងខេត្តកំពង់ធំ តាមអំពើចិត្ត ប៉ុន្តែលោក ស៊ុំ ស៊ីវុត្ថា បែរជាគាបយកលុយពីពលរដ្ឋដែលដឹកជញ្ជូនឈើបន្តិចបន្តួចយកទៅសាងសង់លំនៅដ្ឋានឬជួសជុលផ្ទះសម្បែងដោយគ្មានការយោគយល់បន្តិចណាសោះ។ សកម្មភាពរបស់លោក ស៊ុំ ស៊ីវុត្ថា ក្នុងការឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ស្រុករវៀង យ៉ាងរាលដាលគឺជាភស្ដុតាងបង្ហាញថា បទបញ្ជារបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ កំពុងក្លាយជារឿងឥតន័យ ៕


ចែករំលែក៖