ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយព័ត៌មាន នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩ ថា បន្ទាប់ពីទទួលព័ត៌មានមួយចំនួន ដែលបានចុះផ្សាយពាក់ព័ន្ធនឹងភាពមិនប្រក្រតី ក្នុង ការអនុវត្តតួនាទី ភារកិច្ចរបស់នាយប៉ុស្តិ៍ និង មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋ លោកនាយ ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក អន្តោប្រវេសន៍ បានចាត់ក្រុមការងារមួយ ក្រុមដែល ដឹកនាំដោយលោកឧត្តមសេនីយ៍ ឯក ជា ធា អគ្គនាយករងអន្តោប្រវេសន៍ ដើម្បីចុះត្រួតពិនិត្យស្រាវជ្រាវពាក់ព័ន្ធនឹងព័ត៌មាននេះ ។
បន្ទាប់ពីបានចុះត្រួតពិនិត្យស្រាវជ្រាវរួចមក តាមរយៈការបំភ្លឺ និងការពិនិត្យឃើញថា ជុំវិញព័ត៌មានអំពីការទារប្រាក់ ពីប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់ គឺពិតជាមានការឲ្យលុយ ៥០០០រៀល ឬ ១០០០០ រៀល ដល់នគរបាលនៅទីនោះពិតមែន ក៏ប៉ុន្តែមិនមែនជាការទាមទារទេ គឺអាស្រ័យដោយប្រជាពលរដ្ឋមួយចំនួន។ ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋមួយចំនួន មិនចេះបំពេញសពកបត្រ ទើបពេលខ្លះមន្ត្រីនគរបាលអន្តោប្រវេសន៍ជួយបំពេញជូនពួកគាត់ ដើម្បីឲ្យបានទាន់ពេលវេលា។ ទទ្ទឹមនឹង នោះ ប្រជាពលរដ្ឋមួយចំនួនក៏មានសន្ដានចិត្ត ជូនប្រាក់បន្តិចបន្តួច ខ្លះប្រាំពាន់រៀល ខ្លះទៀតមួយម៉ឺនរៀល ដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ជួយបំពេញបែបបទការងារ។
ទោះជាយ៉ាងណា ក៏ក្រុមការងារបានរកឃើញភាពអសកម្មមួយចំនួន បណ្តាលមកពីការគ្រប់គ្រងរបស់លោកឧត្តមសេនីយ៍ត្រី ខូង ទីន ជានាយប៉ុស្តិ៍ មានការធូររលុង មិនមានការយកចិត្តទុកដាក់ដូចជា អវត្តមានច្រើន មិនសូវនៅជាប់លាប់ នឹងការដឹកនាំ បញ្ជាកម្លាំងជាប្រចាំ ដែលនៅគោលដៅ ឈរជើងរបស់ខ្លួន។ នៅពេលអវត្តមាន លោកនាយប៉ុស្តិ៍ បានប្រគល់សិទ្ធិដឹកនាំ ការងារឲ្យលោកវរសេនីយ៍ឯក ជា ព្រឿង នាយរងប៉ុស្តិ៍ ជានាយប៉ុស្តិ៍ស្តីទី ដើម្បីដឹក នាំបញ្ជា និងដោះស្រាយបញ្ហាការងារនៅក្នុងអង្គភាព។ ពេលខ្លះលោកឧត្តមសេនីយ៍ ត្រី ខូង ទីន នៅកន្លែង ក៏ប្រគល់ការងារឲ្យសិទ្ធិដឹកនាំឲ្យលោកវរសេនីយ៍ឯក ជា ព្រឿង ជានាយប៉ុស្តិ៍ស្តីទីដែរ ។
ក្នុងគោលបំណងកែលម្អបញ្ហានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងចាត់វិធានការមួយចំនួន ក្នុងការទប់ស្កាត់ភាពអសកម្ម របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដើម្បីរៀបចំសណ្តាប់ធ្នាប់ ក្នុងការធ្វើដំណើរ ចេញ-ចូលឲ្យមានភាពងាយស្រួលជូន ប្រជាពលរដ្ឋរួមមាន៖
១. សូមគោរពសុំគោលការណ៍ ដាក់ ពិន័យលោកឧត្តមសេនីយ៍ត្រី ខូង ទីន អត្ត លេខ ០៥១៨២ ជានាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ដោយរូប ភាព ព្រមានជាលើកទី១
២.រៀបចំកែលម្អបញ្ជរបែបបទចេញ-ចូលឲ្យបានសមស្រប និងរៀបចំលំហូរអ្នក ដំណើរ ឲ្យមានការតម្រង់ជួរត្រឹមត្រូវ កុំឲ្យ មានការឆ្លៀតឱកាសជួយសម្រួល លឿន រហ័សទាន់ពេលដើម្បីរកផលប្រយោជន៍ ផ្ទាល់ខ្លួន
៣. ពង្រឹងការគោរពបទបញ្ជា វិន័យ របស់កងកម្លាំងនគរបាលជាតិ អប់រំសីល ធម៌ ឥរិយាបថ និងអាកប្បកិរិយា បំពេញ ការងាររបស់មន្ត្រី តាមជំនាញវិជ្ជាជីវៈរបស់ ខ្លួន និងធ្វើការដាក់ពិន័យយ៉ាងតឹងរឹុងបំផុត ចំពោះមន្ត្រីណាដែលប្រព្រឹត្តខុសឆ្គង ៕ ហេង សូរិយា