ភ្នំពេញ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើ Facebook នាយប់ថ្ងៃ អាទិត្យ ៩កើត ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះថា «ស្ថានទូតចិនប្រចាំកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ តាមវែកមុខក្រុមប្រកាសបង្កអសន្តិសុខ នៅក្រុងព្រះសីហនុ និងបានជួយសម្របសម្រួលដល់សមត្ថកិច្ចនៃប្រទេសចិន និងកម្ពុជា ដើម្បីបើកការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហាមួយនេះ។ ស្ថានទូតជឿជាក់ថាការពិតនៃបញ្ហានេះនឹងត្រូវបានលាតត្រដាងក្នុងពេលឆាប់ៗ»នេះ។ ការប្រកាសនេះធ្វើឡើងប៉ុន្មានម៉ោងក្រោយពី មានវីដេអូឃ្លីបមួយបង្ហាញ ពីសកម្មភាពក្រុមចិនមួយក្រុម ប្រកាសបង្កអសន្តិសុខនៅក្នុងក្រុងព្រះសីហនុ ។
ក្នុងការប្រកាសនោះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា ខ្លួនកំពុងតាមដាន និងយកចិត្តទុកដាក់ខ្ពស់ទៅក្រុមជនជាតិចិនមួយក្រុម ដែលបានប្រកាស តាមវីដេអូឃ្លីបប៉ុនប៉ងបង្កអសន្តិសុខនៅក្នុងខេត្តព្រះសីហនុ។ ស្ថានទូតចិន បានអះអាងទៀតថា ខ្លួនបានជួយសម្របសម្រួលដល់កម្លាំងសមត្ថកិច្ចរបស់ចិន សហការជាមួយកម្ពុជា តាមស្វែងរកការពិតលើករណីនេះផងដែរ។
សូមបញ្ជាក់ថា នៅ ថ្ងៃ អាទិត្យ ៩កើត ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ មានវីដេអូឃ្លីបមួយបង្ហាញ ពីសកម្មភាពក្រុមជនប្រកាសបង្កអសន្តិសុខនៅក្នុងក្រុងព្រះសីហនុ ត្រូវបានគេចែកចាយតាមបណ្តាញទំនាក់ទំនងសង្គម។ នៅក្នុងវីដេអូក្រុមជនជាតិចិនមួយក្រុមនេះ បាននិយាយថា ពួកគេមកពីខេត្តឆុងឆីង ហើយនិយាយទៀតថា កំពង់សោម៣ឆ្នាំក្រោយពួកគេចង់ឲ្យវឹកវរ គឺវឹកវរ, ចង់ឲ្យសុវត្ថិភាព គឺសុវត្ថិភាព។
វីដេអូឃ្លីបមួយនេះ នាំឱ្យការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ និងចែកចាយ បន្តយ៉ាងផុលផុស។ ក្រោយវីដេអូនេះបែកធ្លាយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាឱ្យសមត្ថកិច្ចកិច្ចតាមវែកមុខជនជាតិចិន មួយក្រុមនេះភ្លាមៗផងដែរ។
ក្នុងករណីនេះដែរឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានអះអាងថា កម្លាំងនគរបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចជំនាញដទៃទៀត កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិត និងវែករកមុខក្រុមជនជាតិចិនមួយក្រុមនេះឲ្យឃើញ។ ប៉ុន្តែមកដល់ពេលនេះ សមត្ថកិច្ច ជំនាញនៅមិនទាន់បានវែកមុខក្រុមបង្កអសន្តិសុខចិនមួយក្រុមនេះឡើយ ៕ ប្រាថ្នា