ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន យកមកសាកសួរ បន្ទាប់ពីប្រើហិង្សា យកដបស្រាបៀរ វាយក្បាលជនជាតិចិនម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខតំបន់ពិសេសរោងចក្រ វីហ្គារីស៍ស្ថិតនៅ ភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យង់ វ៉ាន់ដនអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ និងឈ្មោះទេព សាបាន អាយុ៣៧ឆ្នាំមុខរបរកសិករ អ្នកទាំងពីររស់នៅ ភូមិប្រសូតិទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ចំណែកជនរងគ្រោះ មានឈ្មោះ យិន ស៊ីយី (YIN ZIYI) អាយុ២៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ០៩៨០២១៧២៨០ មុខរបរបុគ្គលិករោងចក្រ វ៉ន់ ហ្វូង ស្នាក់នៅក្នុងរោងចក្រ វ៉ន់ ហ្វូង ស្ថិតក្នុង ភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពបន្តថា មុនកើតហេតុ ជនសង្ស័យទាំង២នាក់បានផឹកស្រាស្រវឹងហើយ ក៏បានជិះម៉ូតូចូលទៅតំបន់សេដ្ឋកិ្ចពិសេសហ្គីហ្គារីសល៍ ដើម្បីបន្តផឹកស្រាទៀត ខណៈនោះស្រាប់តែ បានជួបបុរសរងគ្រោះជនជាតិចិនកំពុងអង្គុយផឹកស្រាតែម្នាក់ឯង ។
ប្រភពបន្តថា ក្រោយមកជនសង្ស័យ ឈ្មោះយង់ វ៉ាន់ដន បាននិយាយធ្វើជាភាសាចិនឌឺដងធ្វើឲ្យជនជាតិចិន ខឹងក្រោកដើរចេញពីតុ ផឹកបំរុងចូលរោងចក្រវិញស្រាប់តែឈ្មោះដន ចាប់ទាញបានដបស្រាបៀរអង្គរ ស្ទុះទៅវាយក្បាលមួយដបបណ្តាលឲ្យ រងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចោមរោមមើល និងឃាត់ខ្លួនជនសង្ស័យទាំង២មកសមត្ថកិច្ចតែម្ដង ។
ចំណែកជនរងគ្រោះត្រូវបានបុគ្គលិករោងចក្រ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិតផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកស្វាទាប ដើម្បីចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា ចំពោះជនសង្ស័យដែលមានរបួសស្នាម ដោយសារប្រជាពលរដ្ឋជិតខាងកន្លែងកើតហេតុ វាយទើបឃាត់ខ្លួនបាន ៕ យឹម សុថាន