ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍ មុស្លិមកម្ពុជា បានចែកអំណោយ សប្បុរសធម៌ ជាកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន ជូនដល់លោកតា លោកយាយ និងបងប្អូនសាសនិកឥស្លាម ចំនួន ២០០គ្រួសារ ស្ថិតនៅវិហារឥស្លាមគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំកុ រឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ១៤ ខែឧសភា ឆ្នាំ២០១៩ ។
អំណោយទាំងនេះ ទទួលបានការឧបត្ថម្ភពីមូលនិធិ ឌីយ៉ាណែត នៃប្រទេសតួកគី សហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។ ក្នុងកញ្ចប់អំណោយនីមួយៗរួមមាន អង្ករ ១០គីឡូក្រាម, ប្រេងឆា៥លីត្រ , ស្ករស៥គីឡូក្រាម, អំបិល ១គីឡូក្រាម និង សណ្តែកខៀវ១គីឡូក្រាម។
លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយតួកគី ដែលបានពាំនាំនូវអំណោយដ៏ថ្លៃថ្លានេះមកពីទីដ៏សែនឆ្ងាយរាប់ម៉ឺនគីឡូម៉ែត្រ ចែកជូនដល់បងប្អូនយើងនៅទីនេះ។ នេះបានបង្ហាញពីក្តីស្រលាញ់ដ៏ធំធេងបំផុតមួយ ក្នុងនាមជាសាសនិកតែមួយ បើទោះបីជាតិសាសន៍ខុសគ្នាក្តី។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបគណៈប្រតិភូ និងអង្គពិធីថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រជាជាតិទាំងអស់ កំពុងរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខ។ ដោយឡែក សាសនិកឥស្លាម មានសិទ្ធិសេរីភាពពេញលេញ ហើយមិនត្រឹមតែបាននិងកំពុងរស់នៅស្មើមុខស្មើមាត់ជាមួយសាសនិកដ៏ទៃទៀតទេ ថែមទាំងទទួលបាននូវការអនុគ្រោះ និងការផ្តល់ជូនជាបន្តបន្ទាប់សព្វគ្រប់បែបយ៉ាង។ ចុងក្រោយនេះ រាជរដ្ឋាភិបាល ក៏បានឲ្យគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ រៀបចំបន្ទប់ថ្វាយបង្គុំ សម្រាប់គ្រូពេទ្យ សិស្ស និស្សិត និង អ្នកជំងឺ ដែលជាសាសនិកឥស្លាម បានប្រណិប័ត។
ក្នុងឱកាសនោះផងដែរ លោក ទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់ ចូលរួមសាមគ្គីគ្នាជាធ្លុងមួយ ធ្វើយ៉ាងណា ការពារឲ្យបាននូវសុខសន្តិភាព ដែលរាជរដ្ឋាភិបាល បានខិតខំរកមកដោយលំបាក ឲ្យនៅគង់វង្សជានិច្ចនិរន្តតរៀងទៅ។
យោងរបាយការណ៍របស់ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា អ្នកសម្របសម្រួលគម្រោងរបស់អង្គការមូលនិធិអភិវឌ្ឍមន៍មុស្លិមកម្ពុជា បានអោយដឹងថា៖ ក្នុងខែរ៉ាម៉ាឌន ២០១៩ នេះ មូលនិធិឌីយ៉ាណែតនៃប្រទេសតួកគី សហការជាមួយ អង្គការរបស់លោក បានផ្តល់កញ្ចប់ស្បៀង អាហាររ៉ាម៉ាឌនសរុប ១០០០កញ្ចប់ នឹងបន្តចែកកញ្ចប់ឧបភោគ បរិភោគនេះ នៅក្នុងខេត្តចំនួន៥ទៀត ដូចជាកំពង់ធំ,កំពង់ឆ្នាំង ពោធិ៍សាត់,បាត់ដំបង និង បបន្ទាយមានជ័យ ក្រៅពីនេះ ក្នុងគម្រោងរ៉ាម៉ាឌនដូចគ្នា យើងក៏មានធ្វើកិច្ចសហការជាមួយបណ្តាអង្គការអន្តរជាតិនានា ដែលបានកំពុងធ្វើការចែកចាយជាបន្តបន្ទាប់ នៅកម្ពុជាផងដែរ ៕ សំរិត