ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញចាប់សាច់ជ្រូកជាង២០០គីឡូក្រាម នាំចូលខុសច្បាប់ពីប្រទេសវៀតណាម ដុតកម្ទេចចោលនៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ សាច់ជ្រូកនំាចូលខុសច្បាប់ ពីប្រទេសវៀតណាមប្រមាណ២៣២គីឡូក្រាម ត្រូវបានសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័ដុតកម្ទេចចោលនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកចន្ទ្រា ខេត្តស្វាយរៀង បានឲ្យដឹងថា នៅព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកចន្ទ្រា ចុះល្បាតតាមគោលដៅខាងលើ ស្រាប់តែប្រទះឃើញម៉ូតូមួយបើកបរដោយបុរសម្នាក់មានដឹកសាច់ជ្រូកមួយបាវ ។

ប្រភពបានបន្តទៀតថា ក្រោយពីប្រទះឃើញកម្លាំងបានឃាត់សួរនាំអ្នកដឹកសាច់ជ្រូកខាងលើបានប្រាប់ថា ខ្លួនបានដឹកពីប្រទេសវៀតណាម តាមច្រករបៀងអង្គម្តេញ ដើម្បីយកទៅលក់ហើយពេលនោះ សមត្ថកិច្ចអាវុធហត្ថឃាត់ទុក រង់ចាំជំនាញពេទ្យសត្វមកពិនិត្យមើល ។

បន្ទាប់ពីពិនិត្យរួច និងយោងតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្តស្វាយរៀង បញ្ជាឲ្យមានការទប់ស្កាត់ហាមឃាត់ការនាំសត្វជ្រូករស់ សាច់ជ្រូក និងផលិតផលពីសត្វ ចូលមកទឹកដីខេត្តស្វាយរៀងនោះ ទើបសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកចន្ទ្រាសហការគ្នាជាមួយជំនាញដុតកម្ទេចចោលតែម្តង ។

បើតាមលោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មសត្វនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអោយអ្នកសារព័ត៍មានដឹងថាក្រោយពីទទួលបានព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថស្រុកចន្ទ្រា បានឃាត់សាច់ជ្រូកបាន២៣២គីឡូក្រាមមកនោះ ជំនាញរបស់លោកបានចុះទៅពិនិត្យហើយបើសាច់ជ្រូកទាំងអស់នោះនាំចូលពីប្រទេសជិតខាងវាពិតជាខុសច្បាប់ ហើយបើគ្មានលិខិតស្នាមនោះ និងត្រូវដុតកម្ទេចចោលផងដែរ ៕ យឹម សុថាន


ចែករំលែក៖