ខេត្តកណ្ដាល៖ នារីម្នាក់ទទួលរងរបួសធ្ងន់ ខណៈបើកបរម៉ូតូបត់ឆ្លងផ្លូវ ត្រូវរថយន្ដបើកដោយល្បឿនមួយគ្រឿងមកពីក្រោយបុក នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ សេម សុប៊ី ភេទស្រី អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិឆព្រិច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ចំណែកភាគីខាងរថយន្ដម៉ាកតូយ៉ូតា ប្រ៊ូស (ប្រភេទទេសចរណ៍) ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AY-6153 បើកបរដោយឈ្មោះ រ៉េត សុផេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ អ្នកបកប្រែ មានទីលំនៅភូមិ ត្នោត ជ្រុំ សង្កាត់ បឹងទំពន់ ខណ្ឌ័ មានជយ័ រាធានីភ្នំពេញ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះខាងលើ បើកបរម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច (ភ្នំពេញទៅកំពង់សោម)លុះដល់ចំណុចកើតហេតុ នារីជាអ្នកបើកបរម៉ូតូបានបើកងាកមកឆ្វេងឆ្លងផ្លូវ ស្របគ្នានោះដែរ ក៏មានរថយន្ដមួយគ្រឿង បើកដោយល្បឿនលឿន មកពីក្រោយ ក៏ឈប់មិនទាន់ បានបុកម៉ូតូនារីរងគ្រោះចំហៀងនៃម៉ូតូ បណ្ដាលឲ្យនារីរងគ្រោះរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង នារីរងគ្រោះ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែករថយន្ដនិងម៉ូតូ ត្រូបាននគរបាលជំនាញចរាចរណ៍ស្រុក ចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ គឺបណ្តាលមកពីអ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿន ។ ចំណែកអ្នកបើកបរម៉ូតូវិញ បើកឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ ៕ ស្អាងជ័យ