ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញ(ឆុង,សារឿនម៉ាប់,ជាតិ)បន្តលួចដឹកបទល្មើសឈើឆ្លងដែនទៅវៀតណាម តាមច្រកប៉ុស្តិ៧-ណាំលៀរ ,និងឈ្មួញ(ប៉ោ ហៀង)តាមច្រកឡាប៉ាខេ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ក្រុមឈ្មួញ(ឆុង,សារឿនម៉ាប់,ជាតិ)និងឈ្មួញ(ប៉ោ ហៀង) នៅតែជនលំដាប់ឈានមុខក្នុងជំនួញបទល្មើសឈើដឹកឆ្លងដែនទៅប្រទេសវៀតណាមតាម ប៉ុស្តិ៧-ណាំលៀរ និងច្រកឡាប៉ាខេ គ្មានញញើតសូម្បីសមត្ថកិច្ចថ្នាក់ជាតិ ក៏ដូចថ្នាក់ក្រោមជាតិ សំខាន់រឿងលុយ និងមានទំនាក់ទំនងល្អជាមួយអ្នកមានតួនាទីបង្ក្រាប។ ប្រភពច្បាស់ការណ៍បានទម្លាយថា៖ ក្រុមឈ្មួញ(ឆុង,សារឿនម៉ាប់,ជាតិ)ជំនួញបទល្មើសឈើដឹកឆ្លងដែនទៅប្រទេសវៀតណាមតាម ប៉ុស្តិ៧-ណាំលៀរ ក្នុង១យប់ចន្លោះពី៦គ្រឿង ៧គ្រឿង និងត្រឹម១០គ្រឿង ប្រភេទឡានឡង់គ្រឺស័រកែច្នៃ ធ្វើជាមធ្យោបាយដឹកជញ្ជូនដ៏គឃ្លើន ដែលបញ្ហានេះជាការបើកដ៏ទូលាយពី អាជ្ញាធរស្រុកពេជ្រាដា ,នគរបាលស្រុក ,អាវុធហត្ថស្រុក ,នគរបាលសេដ្ឋកិច្ចខេត្ត-ក្រសួង,ខាងបរិស្ថានក្នុងខេត្ត និងបរិស្ថានណាំលៀរ,រដ្ឋបាលព្រៃឈើ,ខាងមន្ទីរកសិកម្មខេត្ត,សឹករងស្រុក,ខាងយោធាព្រំដែន,នគរបាលការពារព្រំដែន,មេស្នងការខេត្ត,មេអាវុធហត្ថខេត្ត,អត់តែមេយោធាខេត្តគាត់មិនខ្វល់ក្នុងរឿងល្មើសច្បាប់និងជាការរងបណ្តាសារអ្នកមានបរមីណ៍ថែរក្សាធនធានធម្មជាតិនោះទេ។
ដោយឡែកនៅ ស្រុកកែវសីមា បានដំណើរការយ៉ាងរលូនប្រមាណជា៣សប្តាហ៍ នៅយប់ថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០១៩ គេឃើញសារព័ត៍មានក្នុងស្រុកតាមប្រម៉ាញ់រូបដឹកជញ្ជូនឈើក្នុងបទល្មើសជាក់ស្តែង ប៉ុន្តែគ្មានសមត្ថកិច្ច អាជ្ញាធរ ជំនាញចេញមកបង្ក្រាបទេ ពួកគេហាក់លង់និងដំណេកយ៉ាងស្កប់ស្កល់ ទុកឱកាសអោយឡានសាំយ៉ុងដឹកឈើបន្តកន្ទុយគ្នាលើផ្លូវជាតិ និងមានរថយន្តឈ្មួញនិងរថយន្តសមត្ថកិច្ចចាំជួយបិទគូទឡានឈើថែមទៀត។
ច្រកឡាប៉ាខេ ខាងសមត្ថកិច្ចមាត់ច្រក មានខាងគយ,ស្នាក់ការ,និងខាងនគរបាលប៉ុស្តិ អនុញ្ញាតអោយឈ្មួញឈ្មោះ ប៉ោ ហៀង ម្ចាស់KTVនៅស្រុកកែវសីមា ជាអ្នកប៉ាវផ្តាច់ និងអោយមានឡានសាំយ៉ុង៦គ្រឿង និងឡានកាមរី៦គ្រឿង ជាមធ្យោបាយដឹកឈើដូរវេនទៅមក។
លោក ប៉ោ ហៀង ម្ចាស់KTVនៅស្រុកកែវសីមា កាលពី(វេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩) បានខលមកកាន់អង្គភាព នគរវត្ត ដោយបដិសេធន៍ថាលោកមិនបានរកសុីធំដុំអីទេ។ តាមទូរស័ព្ទលោក ប៉ោ ហៀង បាននិយាយយ៉ាងដូច្នេះថា៖ ខ្ញុំរកសុីមែន តែដឹកតិចតួចទេ ដូចជាប្រមូលទិញពីប្រជាជនដឹកឈើតាមម៉ូតូ ដើម្បីដឹកទៅវៀតតាមច្រករបៀង។ ដោយឡែកករណីដឹកតាមឡានសាំយ៉ុង ក៏មិនញឹកញាប់ដែរ យូរៗដឹកម្តង មិនដូចគេនិយាយថាដឹកច្រើននោះទេ។
លោក ហ៊ន គាសេង មេនគរបាលប៉ុស្តិឡាប៉ាខេ និងប្រធានស្នាក់ការ,ខាងគយ ជាមេក្លោងសម្របសម្រួលអោយមានបទល្មើសឈើដឹកឆ្លងដែនទៅវៀតណាម តាមច្រកខាងលើនេះ ដែលគេមានជំនឿថា៖ ករណីនេះអាចមានភ្លើងខៀវពីចៅហ្វាយខេត្ត កម្លាំងប្រដាប់អាវុធជាច្រើនស្ថាប័ន និងជំនាញដ៏សំបូរបែបទៀត ទើបការចរាចរឈើ ដំណើរការបានយ៉ាងរលូន ថែមទាំងលេចនូវពុរិទ្ធភាពនៃអំពើពុករលួយយ៉ាងច្បាស់ក្រឡែតត្រង់ថា ក្នុងចំណោមអ្នកយកលុយពីបទល្មើសឈើឆ្លងដែន គឺមានតែស្ថាប័នគយ១គត់ យកកញ្ចប់ច្រើនជាងគេ ឈានដល់សេវាតំលៃ១ឡាន (មួយគុណនិងបួន)លើសពីស្ថាប័នដទៃ។
ក្រៅពីច្រកឡាប៉ាខេ ក៏មានច្រកប៉ុស្តិ៧-ណាំលៀរ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក៏មានបទល្មើសដឹកឈើឆ្លងដែនទៅប្រទេសវៀតណាមក្នុង១យប់ តិចបំផុតត្រឹម៧ទៅ១០ឡានឡង់គ្រឺស័រកែច្នៃ ដោយម្ចាស់ឈើឈ្មោះ(ឆុង,សារឿមម៉ាប់,ជាតិ) គាត់ក៏ជាសមត្ថកិច្ច ប៉ុន្តែឆ្ងាញ់និងមុខរបរដឹកឈើឆ្លងដែនល្មើសច្បាប់។
លោក សំរិទ្ធ ណយ មេប៉ុស្តិនគរបាលច្រកទ្វេភាគីប៉ុស្តិ៧-ណាំលៀរ ជាមន្ត្រីអនុវត្តច្បាប់១រូបដែលប្រព្រឹត្តក្នុងអំពើឃុបឃិតជាមួយឈ្មួញ បើកបារ៉ាស់អោយបទល្មើសឈើដឹកឆ្លងដែនតាមច្រក នៃដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ដោយលក្ខណះចំហរ និងការប្រព្រឹត្តមិនរាងចាល។ ប៉ុន្តែសំរិទ្ធ ណយ នៅតែសំរិទ្ធ ណយ ដដែល….!!!.. មិនត្រូវបានមេកើយឬថ្នាក់លើចាប់ទោសអូសដំណើរ ដោយគេសង្ស័យថា លោក សំរិទ្ធ ណយ បើកបារ៉ាស់អោយឈើឆ្លងដែន ធ្វើឡើងតាមការចាត់តាំងរបស់មេកើយ ខ្លាំងជាង ករណីប្រតិភូកម្មអំណាចអោយបំពេញ តួនាទី ទប់ស្កាត់និងបង្ក្រាប..?
មន្ត្រីខ្លះបាននិយាយបែបកំប្លែង និងដឹងពីតថភាពពិតនៅទីនោះថា៖ រឿងបទល្មើសឈើនៅខេត្តមណ្ឌលគិរី គ្មានអាជ្ញាធរ សមត្ថកិច្ច ជំនាញជាច្រើនស្ថាប័នណា ដែលមិនយកលុយពីបទល្មើសទេ បើមិនជឿអោយពួកគាត់ស្បថតែមួយម៉ាត់ក៏មិនហ៊ានផង។
បញ្ហាបទល្មើសឈើ គឺការបង្ក្រាបគ្មានប្រសិទ្ធភាពទេ ខណៈអ្នកបង្ក្រាបស្រេកឃ្លានទទួលកញ្ចប់តាមឋានុក្រម នៃវប្បធម៍ពុករលួយ ដោយជំនាញម្នាក់ៗ ប្រឹងរកលុយដោយគំនិតទុច្ចរិតពេញខួរក្បាល។
រាល់បទល្មើសឈើឆ្លងដែនទៅវៀតណាម តាមច្រកឡាប៉ាខេ ,ច្រកប៉ុស្តិ៧-ណាំលៀរ គេទទួលស្គាល់ថាខាងគយ យកកញ្ចប់លុយមិនថ្លៃថ្នូនេះច្រើនជាងគេ អាចនិយាយបានថា ជាមេក្លោងបង្កើតអោយមានបទល្មើសឈើ ប៉ុន្តែករណីនេះខាងគយបានបដិសេធន៍ រឿងក្រុមខ្លួនមិនបានប៉ះពាល់កញ្ចប់ទេ ទោះមានបទល្មើសឈើឆ្លងដែនពិតមែនក៏ដោយ។ មន្ត្រីខ្លះបានលើកជាចំងល់ថា៖ បើខាងគយមិនទទួលកញ្ចប់ទេ ហេតុអ្វីមិនបង្ក្រាបចាប់ចំពោះការដឹកជញ្ជូនបទល្មើសឈើឆ្លងដែននៅចំពោះមុខ..???
លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរិ ដឹកនាំពោពេញដោយភាពធូរលុង មិនអើពើនិងបទល្មើសឈើឆ្លងដែន។ ទោះគាត់មើលមិនឃើញបទល្មើសឈើ ដោយហេតុផលថា ខ្សោយភ្នែក ប៉ុន្តែគ្រប់ឈ្មួញមានទំនាក់ទំនងល្អនិងចៅហ្វាយខេត្តរូបនេះ ដ៏ល្អប្រសើរបំផុត។
ប្រភពមិនផ្លូវការ តែអាចទុកចិត្តបានបង្ហើបថា៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ខាងគយ នឹងទៅបិទច្រក បញ្ចៀសការផ្សព្វផ្សាយព័ត៍មាននេះ ទូលំទូលាយពេក អាចប៉ះពាល់និងតំណែងទទួលសំណូក។ ប៉ុន្តែមន្ត្រីមាត់ច្រកបង្ហើរថា៖ បិទច្រកម្តេចទៅរួច បើខាងគយយកកញ្ចប់ច្រើនជាងគេ ហើយតំលៃលើសគេ ១គុណនិង៤ឯណោះ…???

ដោយ៖ សុខ ខេមរា


ចែករំលែក៖