ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញមេការផ្ទះសំណាក់រិទ្ធីហេងដេកស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញមេការផ្ទះសំណាក់ «រិទ្ធីហេង» ដេកស្លាប់ នៅក្នុងបន្ទប់ ក្នុងផ្ទះសំណាក់។

ហេតុការណ៍នេះ កើតទ្បើងវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់លេខ១០៣ ក្នុងផ្ទះសំណាក់យីហោ រិទ្ធីហេង តាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ងិន ឆាយ អាយុ៣៨ឆ្នាំ មុខរបរមេការក្នុងផ្ទះសំណាក់កើតហេតុ មានប្រពន្ធឈ្មោះ ជ្រឿន សុខា ស្រុកកំណើតនៅក្នុងភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពព័ត៌មានបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានដេកនៅក្នុងបន្ទប់ខាងលើ ដោយមិនមាននរណាម្នាក់បានដឹងថា គាត់ស្លាប់តាំងពីពេលណាទេ រហូតដល់ពេលកើតហេតុ ប្រពន្ធជនរងគ្រោះ បានទូរស័ព្ទរកជនរងគ្រោះជាច្រើនដង តែមិនលើក ទើបប្រពន្ធបានទូរស័ព្ទទៅកាន់ប្អូនថ្លៃ និងបុគ្គលិកបម្រើការងារ នៅក្នុងផ្ទះសំណាក់ឲ្យទៅគោះទ្វារហៅ តែជនរងគ្រោះ មិនមានការឆ្លើយតប ទើបសម្រេចចិត្តនាំគ្នា គាស់ទ្វារបន្ទប់មើល ស្រាប់តែឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបច្ចេកទេស រួមទាំងវេជ្ជបណ្ឌិត បានចុះពិនិត្យសាកសព បានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារជំងឺគាំងបេះដូង បណ្ដាលមកពីជំងឺលើសឈាម រួចប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ​


ចែករំលែក៖