ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង ៥០នាទី ក្រៅទីប្រជុំជន លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខក្លោងទ្វារវត្តអណ្តូងថ្មមាស ស្ថិតក្នុង ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង ម៉ូតូ ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1I-1949 បានបើកឡើងជែងរថយន្តធំដឹកដី ម៉ាក ហ្វុយសូ ពាក់ស្លាកលេខ ភ្នំពេញ 3A-3754 បើកស្របទិសគ្នា ពីទិសខាងលិចទៅកើត ហើយខណៈពេលកំពុងបើកឡើងជែងបានជួបឧបសគ្គខាងមុខ ដោយមានរថយន្តតូចបើកមកពីទិសផ្ទុយគ្នា ម៉ូតូបានគេចពីរថយន្តតូច ក៏ដួលម៉ូតូចូលរថយន្តធំដឹកដី កិន បណ្តាលឲ្យ មនុស្ស ស្លាប់ ០៣ នាក់ ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ១-ឈ្មោះ ផាត ភាព ភេទប្រុស អាយុ ៣៦ឆ្នាំ (អ្នកបើកបរម៉ូតូ), ២-ឈ្មោះ ផាត ភាន ភេទប្រុស អាយុ ២៣ឆ្នាំ (អ្នករួមដំណើរម៉ូតូ) និង៣-ឈ្មោះ ស្រី តំ ភេទស្រី អាយុ ១៩ឆ្នាំ (អ្នករួមដំណើរម៉ូតូ) អ្នកទាំង បីនាក់ រស់នៅ ភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបរវេល ខេត្តបាត់ដំបង ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ម៉ូតូបើកឡើងជែងរថយន្តធំ ខណៈពេលកំពុងបើកឡើងជែងបានជួបឧបសគ្គខាងមុខ ដោយមានរថយន្តតូចមកពីទិសផ្ទុយគ្នា ម៉ូតូបានបើកគេចពីរថយន្តតូច ក៏ដួលម៉ូតូចូលរថយន្តធំដឹកដី កិន តែម្តង ។
ក្រោយកើតហេតុ អ្នកបើកបររថយន្ត ឈ្មោះ ហេង វាសនា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅផ្ទះ ថៅកែឈ្មោះ កុយ ស្ថិតក្នុង ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ៕