ភ្នំពេញ៖ ជនអនាថាចំនួន២១នាក់ ដែលស្នាក់នៅតាមទីសាធារណៈ រួមមានច្រាំងទន្លេ សួនច្បារ និងតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវបានកម្លាំងប្រជាការពារខណ្ឌដូនពេញ ចុះប្រមូលដើម្បីបញ្ជូនទៅមន្ទីរសង្គមកិច្ចធ្វើការអប់រំបន្ត ។
ការចុះប្រមូលជនអនាថាខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខឆ្នាំកុរសំរឹទ្ធិស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ក្រោមការអនុវត្តបទបញ្ជារបស់លោក សុខ ពេញវុធអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យកម្លាំងប្រជាការពារខណ្ឌ បន្តចុះប្រមូលជនអនាថាទាំងអស់ ដែលស្នាក់នៅតាមទីសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុងផងដែរ ។
ក្រោយប្រតិបត្តិការ រួចជនអនាថាទាំងនោះ មានស្រីចំនួន១៣នាក់ ក្នុងនោះមានកុមារចំនួន០២នាក់/ស្រី០១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំ និង បង្ហាត់បង្រៀនទៅតាមវិទ្យាជីវ:ដោយស្ម័គ្រចិត្តរៀងៗខ្លួន ៕ ស តារា