នៅពេលនេះ ប្រធានាធិបតី វេណេហ្ស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានសម្រេច បោះឆ្នោតជាថ្មីដើម្បីរៀបចំរដ្ឋាភិបាលឡើងវិញ បញ្ចប់វិវាទនៅក្នុងប្រទេស។ កាលពីថ្ងៃទី២០ ខែឧសភា ប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានស្នើឲ្យរៀបចំបោះឆ្នោតសភា មុនកំណត់ ដើម្បីរៀបចំរដ្ឋាភិបាលថ្មីបញ្ចប់វិវាទ។
នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៥ គណបក្សប្រឆាំង មានសំឡេងភាគច្រើនគ្រប់គ្រងសភា ធ្វើឲ្យរដ្ឋាភិបាលពិបាកនៅក្នុងការអនុម័តច្បាប់ ។ ការបោះឆ្នោត ជាបន្តនឹងធ្វើឡើងនៅឆ្នាំ២០២០ រដ្ឋាភិបាលអាចនឹងរៀបចំបោះឆ្នោត នៅចុងឆ្នាំ២០១៩នេះ ប៉ុន្តែមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ។
បណ្តាប្រទេសលោកខាងលិចបានទទួលស្គល់មេដឹកនាំក្រុមប្រឆាំង លោក Guaido ជាប្រធានាធិបតីវេណេហ្ស៊ុយអេឡា បើទោះបីប្រធានាធិបតីម៉ាឌូរ៉ូបន្តជាប់ឆ្នោតជាថ្មីកាលពីឆ្នាំ២០១៨ក្តី ។
លោកម៉ាឌូរ៉ូ បញ្ជាក់ទៅកាន់ក្រុមអ្នកគាំទ្រ ថា យើងនឹងវាយតម្លៃ ឡើងវិញ តាមរយៈការបោះឆ្នោត នាពេលខាងមុខ ។ យើងនឹងកំណត់ពេលវេលាបោះឆ្នោតសភាមុនអាណត្តិ ។
វិបត្តិនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាកាន់តែអាក្រក់ទៅ ដោយសារតែទណ្ឌកម្ម របស់អាមេរិក ។ កន្លងមកថ្មីៗចិនបានបញ្ជូនយន្តហោះ ផ្តល់ជំនួយដល់វេណេហ្ស៊ុយអេឡាដើម្បីដោះស្រាយស្ថានភាពបណ្តោះអាសន្ន។
ពេលថ្មីៗនេះ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ក៏បានសម្រេចលក់មាសដែលបានរក្សាទុក ជាង១៥តោនទៅក្រៅប្រទេស ដើម្បីដោះស្រាយកង្វះស្បៀងអាហារដល់ពលរដ្ឋ ។ សារព័ត៌មាន Bloomberg បានបានផ្សាយថា វេណេស៊ុយអេឡាបានលក់មាសជាង ១៥តោន មានតម្លៃ៥៧០លានដុល្លារចេញធនាគារកណ្ដាលរបស់ខ្លួន ដើម្បីទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
Bloomberg បានឱ្យដឹងទៀតថា កាលពីថ្ងៃទី១០ ខែឧសភា ធនាគារកណ្ដាល វេណេស៊ុយអេឡាបានលក់មាស ៩.៧តោន និងច្រើនជាង៤តោនបន្ថែមនៅបីថ្ងៃក្រោយមកទៀត ។ ប៉ុន្តែប្រភពដដែល មិនបានបញ្ជាក់ពីប្រទេសជាគោលដៅត្រូវនាំចេញនោះទេ។
គួរបញ្ជាក់ថា បើតាម Bloomberg ចាប់តាំងពីដើមខែមេសាមក វេណេស៊ុយអេឡាបានលក់មាសចេញទៅក្រៅ ប្រទេស២៣តោន ខណៈកំពុងប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក ដែលមានគោលដៅ ខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ៕