ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសេ ១២៥ ជែងរថយន្ត រអិលដួល រថយន្តដឹកដីបុកកិនបន្ថែម ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅ និងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាល្បឿនលឿនជែងរថយន្តខាងមុខ ភ្លាត់ស្នៀតរអិលដួល ស្របពេលដែលរថយន្តហុីយ៉ាន់ដាយ យីឌុបដឹកដី បើកស្របទិសហ្វ្រាំងមិនទាន់ កិនជាន់ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-4228 ជិះតាមបណ្តោយផ្លូវជាតិលេខ៣ពីត្បូងទៅជើង ល្បឿនលឿន ដល់ចំណុចកើតហេតុ ជែងរថយន្តខាងមុខ តែជាអកុសល ភ្លាត់ស្នៀត រអិលដួលដោយខ្លួនឯង ស្របពេលដែលរថយន្ត ម៉ាកហុីយ៉ាន់ដាយ យីឌុប ដឹកដី ពណ៌ប្រផេះ លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-0583 អ្នកបើកបរមិនស្គាល់អត្តសញញាណ បើកល្បឿនលឿន ពីត្បូងទៅជើងស្របទិសគ្នា ហ្វ្រាំងមិនទាន់ បុកកិនជាន់ជនរងគ្រោះ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ អ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ត្រូវបានរថយន្ត សង្គ្រោះរបស់មណ្ឌលសុខភាពពងទឹក ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកសពជនរងគ្រោះម្នាក់ ក្រុមគ្រួសារ ស្រែកទ្រហោយំ ឱបសព ហើយសមត្ថកិច្ច ធ្វើកំណត់ហេតុរួច ប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកវត្ថុតាងក្នុងករណីខាងលើ រថយន្ត និងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង រងចាំដោះស្រាយជាក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖