ភ្នំពេញ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតបានរងរបួសស្រាល ខណៈជិះម៉ូតូឌុបគ្នាទៅធ្វើសក់ផាតមុខនៅផ្សារទួលពង្រ តែអកុសលត្រូវរថយន្តដឹកដីបើកបុកពីក្រោយ និងកិនពេញទំហឹង កាលពីវេលាម៉ោង ២ និង៣០នាទី រសៀល ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវបេងតុង ភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីខាងលើមានឈ្មោះ រិន ធីតា អាយុ ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ (អ្នកជិះពីក្រោយ ) និងអ្នករបួសឈ្មោះ រិន ស្រីពេជ្រ ភេទស្រី អាយុ ២៨ ឆ្នាំ (អ្នកឌុប) អ្នកទាំងពីរមានស្រុកកំណើត ភូមិអញ្ជាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។
ប្រភពបន្តថា មុនពេលកើតហេតុអ្នកទាំងពីរបានជិះម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA 4828 ឌុបគ្នាចេញពីផ្ទះទៅធ្វើសក់ និងផាត់មុខ ដើម្បីចូលរួមមង្គលការប្អូនជីដូនមួយ ខណៈកំពុងធ្វើដំណើរដល់ចំណុចកើតហេតុក៏មានភ្លៀងធ្លាក់ ពេលនោះមានរថយន្តដឹកដីពាក់ស្លាកលេខ ខេមរៈភូមិន្ទ 3.3447បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ហើយជាន់ហ្វ្រាំងមិនសីុក៏ជ្រុលរអិលទៅបុកចំស្ត្រីទាំងពីរនាក់កំពុងជិះម៉ូតូពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់កិនស្ត្រីម្នាក់បាត់បង់ជីវិតភ្លាមៗនៅហ្ និងកន្លែងកើតហេតុ និងម្នាក់ទៀតខ្ទាតទៅម្ខាងរងរបួសស្រាល ចំណែកតៃកុងរថយន្តបង្កបានចុះរត់គេចខ្លួនបានស្រមោលតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះវាស់វែងអូសយករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ចំណែកសពស្ត្រីខាងលើត្រូវបានសមត្ថកិច្ចធ្វើឯកសារប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ