ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកយំស្ទើរខ្សោះខ្លួន ពេលដឹងថា កូនស្លាប់ដោយសារលង់ទឹក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុស២នាក់បាននាំគ្នាទៅលេងទឹកស្រះ ដែលទើបកាយថ្មី បណ្តាលឲ្យលង់ស្លាប់ទាំំង២នាក់ មិនអាចជួយសង្រ្គោះបានឡើយ ។ ក្រោយពេលដឹងថា កូនលង់ទឹកស្លាប់ធ្វើឲ្យឪពុកម្តាយស្រែកយំស្ទើរខ្សោះខ្លួន ព្រោះបាត់បង់កូនជាទីស្រឡាញ់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៤៥នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្រះទឹកដែលទើបជីកថ្មី ស្ថិតនៅភូមិទួល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចប្រាប់ថា កុមាររងគ្រោះទី១ឈ្មោះ សាន់ សំណាង ភេទប្រុស អាយុ១៤ឆ្នាំ មានឪពុកឈ្មោះ សុខ ភឿន អាយុ៤១ឆ្នាំ ម្តាយ ឈ្មោះ វ៉ាន់ អាយុ៣៨ឆ្នាំ និងទី២ ឈ្មោះហួរ បញ្ញា ភេទប្រុស អាយុ១១ឆ្នាំ មានឪពុកឈ្មោះគង់ ភន អាយុ២៧ឆ្នាំ ម្តាយឈ្មោះសែប វីណា អាយុ២៦ឆ្នាំ ។ កុមារទាំង ២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅភូមិ ឃុំខាងលើ បាននាំគ្នាទៅមុជទឹកស្រះ នៅចំណុចខាងលើ បណ្តាលឲ្យលង់ស្លាប់តែម្ដង ។

ក្រោយការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសមត្ថកិច្ច សន្និដ្ឋាន សាកសពក្មេងទាំង០២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកមែន រួចក៏ប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ


ចែករំលែក៖