ភ្នំពេញ៖ យ៉ាងហោចណាស់ ក៏មានមនុស្សម្នាក់បានស្លាប់ភ្លាមៗ ចំណែក២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុករថយន្ត LAND CRUISER ដែលបើកឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខបញ្ជាការដ្ឋានអាវុធ តាមបណ្តោយផ្លូវជាតិលេខ ៤ ស្ថិតក្នុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត ម៉ាកLAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY 2737 បើកតាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្លងផ្លូវទៅឆ្វេងដៃបំណងចូលទៅបុរីពិភពថ្មីភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E 6698 បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយបុរស២នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលបុកពីចំហៀងរថយន្តពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូបោកក្បាល និងរថយន្តស្លាប់ម្នាក់ចំណែក២នាក់ទៀតរងរបួសធ្ងន់ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកសពត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តទឹកថ្លាបណ្តុះអាសន្ន ដោយឡែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ