ភ្នំពេញ ៖ មានវិបត្តិក្នុងគ្រួសារ ស្រ្តីម្នាក់បីកូនតូចអាយុ២ខួប ប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចលើស្ពានមិត្តភាព កម្ពុជា ជប៉ុន (ស្ពានថ្មី) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្រ្តីប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះ សុ ម៉ាលីន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់ នៅស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានកូនតូចមួយ អាយុ២ខួបជាង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញស្រ្តីម្នាក់បានបីកូនតូចម្នាក់ដើរ ឡើងលើស្ពានដោយដើរបណ្តើរយំបណ្តើរ ខណៈមកដល់ចំណុចកើតហេតុបំរ៉ុងឡើងលើបង្កាន់ដៃស្ពានលោតទឹកសម្លាប់ខ្លួន ស្រាប់តែពេលនោះ ក៏មានអ្នករត់កង់បីឥណ្ឌាឃើញទាន់ ក៏ចាប់ទាញចុះមកវិញ ហើយក៏សួរនាំទើបដឹងថា គាត់ខឹងប្តីរបស់គាត់ ទើបចង់សម្លាប់ខ្លួនបែបនេះ ។
តាមសម្តីនារីដែលប៉ងសម្លាប់ខ្លួនបានឲ្យដឹងថា រូបគាត់និងប្តីមុនបានលែងលះគ្នាដាច់ស្រេច បន្សល់ទុកកូនមួយ ហើយក៏ទាក់ទងប្តីក្រោយបានប្រហែល៥ខែជាង តែងតែឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ ដោយសារប្តីក្រោយចោទប្រកាន់រូបគាត់ថា នៅទាក់ទង់ប្តីមុន ទើបនៅថ្ងៃកើតហេតុ បានឈ្លោះគ្នាខ្លាំងរូបគាត់ក៏ដាច់ចិត្តបីកូនមកលោតទឹកតែម្តង ។
បន្ទាប់ពីកើតហេតុ ខាងម៉ូតូកង់បីបានដឹកស្រ្តីរងគ្រោះនាំស្រ្តីរងគ្រោះទៅជួបប្តីក្រោយ ដែលនៅការដ្ឋានសំណង់ ហើយក៏បានជួយនិយាយឲ្យត្រូវគ្នាវិញ ប្តីក៏ព្រមដឹកប្រពន្ធមកផ្ទះនៅស្ទឹងមានជ័យ ៕ ជ្រោយពេជ្រ