ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយភ្លៀងមួយមេ លាយឡំជាមួយខ្យល់កន្ទ្រាក់ និងមានសំឡេងផ្ទុះផ្ទួនៗ៣លើកពេលយប់ លុះព្រឹកឡើង មានបំណែកអំបែងធ្លាក់រាយប៉ាយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើល ក្នុងខេត្តស្ទឹងត្រែង ដោយសារមានបំណែកអំបែងធ្លាក់រាលប៉ាយ ក្នុងឃុំអូរស្វាយ និងឃុំព្រះរំគិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយបំណែកទាំងនោះ មិនកំណត់ថា ជាបំណែកអ្វីនោះទេ ។ កាលពីយប់មិញនោះ មានភ្លៀង​ធ្លាក់ខ្លាំង​លាយឡំ​ជាមួយខ្យល់កន្ត្រាក់ និងមានសំឡេងផ្ទុះ​​ផងដែរ ។

លោកនាយប៉ុស្តិ៍ឃុំអូរស្វាយ លោកហម សាវ៉ន បានឲ្យដឹងថា នៅវេលាម៉ោង៥ជាងព្រឹក មានសំឡេងផ្ទុះពីលើអាកាស មាន៣តង់ លាន់ រង្គើដីធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ក្រោយមកក៏មានបំណែកធ្លាក់រាយប៉ាយ ក្នុងឃុំអូរស្វាយ និងឃុំព្រះរំគិល ជាច្រើនបំណែកធំ តូច នៅតាមភូមិមួយចំនួន។

លោកបន្តថា ក្នុងហេតុការណ៍នេះ នៅពុំទាន់បានដឹងច្បាស់ថា ជាបំណែកយន្តហោះផ្ទុះ ឬក៏ផ្កាយរណប ឬជាយាន្តអវកាសនោះទេ ឬមួយនេះជាបាតុភូត ក្រោយពីមេឃភ្លៀងមួយមេធំ លាយឡំជាមួយខ្យល់កន្ទ្រាក់ កាលពីយប់ថ្ងៃទី២២ ខែឧសភា។

តែយ៉ាងណា ហេតុការណ៍នេះ ពុំបណ្តាលឲ្យប៉ះពាល់ដល់មនុស្ស ឬសត្វពាហនៈ ឬខូចខាតទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋនោះឡើយ ៕ មាស សុផាត


ចែករំលែក៖