ខេត្តពោធិ៍សាត់៖ មន្រ្ដីជំនាញរដ្ឋបាលព្រៃឈើរួមមាន អធិការដ្ឋានខាងត្បូងបឹងទន្លេសាប ខណ្ឌ សង្កាត់ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បង្រ្កាបឃាត់ចាប់រថយន្ត ១គ្រឿង ឆែកឆេរឃើញសត្វពស់ចំនួន ០៥ស្បោង ដាក់ក្នុងកេសបិទស្គត់ជិតចំនួន ០៥កេស មានទម្ងន់ប្រមាណជិត ១០០គីឡូក្រាម ដើម្បីបន្តនីតិវិធី ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង១០នាទី ព្រឹក ថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
អ្នកបើកបរ និងជាម្ចាស់រថយន្តម៉ាក សាំយ៉ុង ចង្កូតឆ្វេង ពណ៏ស្លែ ពាក់ស្លាកលេខ បាត់ដំបង 2B 1410 មានប្រពន្ធ និងកូនស្រីតូចម្នាក់ផងនោះប្រាប់ បុគ្គលិកមជ្ឈមណ្ឌលព័ត៌មាន នគរវត្ត ថា កេសក្រដាសចំនួន ០៥កេសបង្កប់សត្វពស់ជាច្រើនក្បាលទាំងនេះ ពួកគាត់សុីឈ្មួលដឹកឲ្យគេចេញពីចំណុចភូមិ.ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បញ្ជាក់៖ ពួកគាត់ថាអត់ដឹងថា សត្វពស់នោះទេ ប៉ុន្តែទោសជាយ៉ាងណាក្ដីនេះ ជាចំណាត់ការរបស់មន្រ្តីជំនាញដើម្បីបន្តនីតិវិធី ។
ប្រភពព័ត៌មានពីមន្រ្ដីជំនាញសហការ ចុះបត្តិ្របត្តិការបង្ហើបជាបឋមថា រថយន្ត ១គ្រឿងម៉ាក សាំយ៉ុង ដឹកអ្នកដំណើរមានកេសក្រដាសបង្កប់សត្វពស់ បាននាំចូលខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់រួមទាំងអ្នកបើកបរ និងជាម្ចាស់រថយន្តដើម្បីចាត់ការបន្ត ជាក់ស្ដែងគេបកស្គត់ដែលបិទលើកេស ក្រដាសជិតម្ដងមួយៗ ក្នុង ០១កេសឃើញសត្វពស់ចំនួន ០១ស្បោង សរុបទាំងចំនួន ០៥កេស ស្មើនឹងចំនួន ០៥ស្បោង ហើយដាក់ផ្លឹងជាក់ម្ដង ០១ស្បោងៗ ស្មើនឹងទម្ងន់ប្រមាណចំនួន ៧៨គីឡូក្រាម ។
ប្រភពព័ត៌មានមន្រ្ដីជំនាញដដែលនោះបន្តទៀតថា សត្វពស់ទាំងអស់មានចំនួនច្រើនក្បាល មិនបានរាប់នោះឡើយព្រោះសត្វពស់រស់ ហើយក៏មិនទាន់បានដឹងប្រភេទអ្វីខ្លះនោះដែរ ខណៈកំពុងមមាញឹកបន្តនីតិវិធីនៅឡើយនោះ ៕ បុឹម ពិន