ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវក្រុមគ្រួសារ ប្រទះឃើញចងករសម្លាប់ខ្លួន នៅរោងខាងក្រោយផ្ទះ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១ និង៣០នាទីរសៀល ស្ថិតនៅភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកថា បុរសដែលស្លាប់មានឈ្មោះ អុន សារិត ៥៩ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិ បុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
តាមស្ត្រីជាប្រពន្ធឈ្មោះ នង សុផុន អាយុ៥៦ឆ្នាំ មុខរបរកសិករ បានបំភ្លឺប្រាប់សមត្ថកិច្ចថា ប្តីរបស់ខ្លួនមានជំងឺប្រចាំកាយយូរឆ្នាំមកហើយ បានទៅព្យាបាលនៅមន្ទីរពេទ្យ និងផឹកថ្នាំសង្កូវដែរ ប៉ុន្តែមិនបានធូរស្រាលសោះ មិនតែប៉ុណ្ណោះ គាត់ក៏ធ្លាប់ ចងកពីរបីដងមកហើយ ប៉ុន្តែមិនបានសម្រេច ទើបតែពេលនេះ គាត់ជាប់រវល់កិច្ចការផ្ទះ និងមានការធ្វេសប្រហែសបន្តិចពីប្ដី ក៏បានធ្វើអត្តឃាតតែម្តង ។
សមត្ថកិច្ចស្រុក សហការជាមួយនគរបាលរដ្ឋបាលនគរបាលជំនាញ ខេត្ត និងគ្រូពេទ្យ បានពិនិត្យសាកសព សន្និដ្ឋានថា ពិតជាស្លាប់ដោយចងកមែន ដោយបានយកភួយមកចងនឹងននងផ្ទះសម្លាប់ខ្លួន ។
សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យទាំងក្ដុកក្ដួល និងអាឡោះអាឡ័យបំផុត ៕ យឹម សុថាន