ភ្នំពេញ ៖ នៅព្រឹកថ្ងែទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អនុប្រធានគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារពង្រឹង ខណ្ឌព្រែកព្នៅ បានអញ្ចើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខណ្ឌ អាណត្តិទី៣។ ថ្លែងក្នុងពិធីនេះលោក ឃួង ស្រេង សូមឲ្យអង្គបោះឆ្នោតត្រៀមខ្លួន ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខណ្ឌ អាណត្តិទី៣ នាថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ បេក្ខជនក្រុមប្រឹក្សា ដែលជាអង្គបោះឆ្នោត ត្រូវតែខុសត្រូវគ្រប់គ្រងសតិអារម្មណ៍ វត្តមាន ថែទាំសុខភាព ពង្រឹង សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ហ្មត់ចត់ ដើម្បីពង្រឹងការចងចាំថែមទៀត អំពីនីតិវិធីបោះឆ្នោត និងត្រូវគោរពតាមការណែនាំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។
លោក ឃួង ស្រេង បានផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សផងដែរ។
លោកបានថ្លែងកោតសសើរ និងវាយតំលៃខ្ពស់ចំពោះគណៈកម្មាធិការបក្សខណ្ឌ សង្កាត់ កងកម្លាំងប្រដាប់អាវុធ នគរបាល កងរាជអាវុធហត្ថ យោធា អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ថ្នាក់ បានរួមចំណែកអនុវត្តគោលនយោបាយបក្ស និងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យបរិស្ថាន នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ប្រព្រឹត្តិទៅដោយសេរី និងមានសុវត្ថិភាព។
ជាមួយគ្នានេះដែរ លោកអនុប្រធានបក្សរាជធានី បានអំពាវនាវដល់អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវអនុវត្តន៍ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សារាជធានី ខណ្ឌ បានល្អធានាបាននូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គ្មានអំពើហិង្សា ដើម្បីបន្តសន្តិភាព ការអភិវឌ្ឍ និងភាពសុខសាន្ត ជូនប្រជាលរដ្ឋ និងទទួលបានការគាំទ្រកាន់តែច្រើន ពីសាធារណមតិជាតិ និងអន្តរជាតិ៕ សំរិត