ខេត្តឧត្តរមានជ័យ ៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានធ្វើការចុះចាប់ឃាត់ខ្លួនជនសង្ស័យ០១នាក់ កាលពីវេលាម៉ោង១៣និង១៥នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចយើងឃាត់ខ្លួននោះមាន ឈ្មោះ កាក់ ផល្លី ភេទ ប្រុស អាយុ៥៦ឆ្នាំ មុខរបរទាហាន រស់នៅ ភូមិថ្នល់កែង ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ការឃាត់ខ្លួននេះ ធ្វើឡើង តាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ដោយមានការជាប់ពាក់ព័ន្ធក្នុងករណី រំលោភសេពសន្ថវៈ ទៅលើកូនស្រីបង្កើតរបស់ខ្លួនចំនួន០២នាក់ ៖បណ្ដាលឲ្យមានផ្ទៃពោះចំនួន០៧ខែ។ តាមការបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថា ខ្លួនបានទទួលរងការចាប់បង្ខំរំលោភពីសំណាក់ឪពុកបង្កើតរបស់ខ្លួនតាំងពីឆ្នាំ២០១៤មកម្ល៉េះ។
បច្ចុប្បន្នជំនាញ នៃអធិការដ្ឋាននគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ត៕ ប៉ែន នួន