ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តយ៉ាងលឿន បានជ្រុលចង្កូតទៅបុកក្បាលរបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរថយន្តក្រឡាប់ផ្ងារជើងម្ខាង តែអ្នកបើកបររងរបួសស្រាល ។
ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដាលផ្លូវជាតិលេខ២ ខាងមុខវត្តចាក់អង្រែក្រោម ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើក រថយន្ត ម៉ាក TOYOTA TACOMA ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ 2 R 6280 ធ្វើដំណើរតាមបណ្ដាលផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុកក្បាលរបាំងថ្ម ពុះចែកទ្រូងផ្លូវបណ្ដាលបាក់អស់១កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាង អ្នកបើករថយន្តជាប់នៅក្នុងរថយន្តត្រូវបានបងប្អូនប្រជាពរដ្ឋវាយកញ្ចក់ រថយន្តបំបែកដើម្បីយកតៃកុងចេញមកខាងក្រៅវិញសំណាងល្អគ្រាន់តែ រងរបួសស្រាល ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចរាចរចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក ស្នងការាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ