ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋក្រីក្រដាក់ពាក្យបណ្តឹងប្តឹងឈ្មួញរណ្តៅដី ជា កុយ នៅសាលា ស្រុកអង្គស្នួលពាក់ព័ន្ធនឹងករណីសន្យា​បរិច្ចាគដីធ្លី

ចែករំលែក៖

ខេត្តកណ្តាល ៖ប្រជាពលរដ្ឋបានលើកគ្នាមកដាក់ពាក្យបណ្តឹង ក្រោយពេលពួកគាត់បានយកឯកសារប័ណ្ណក្រីក្រ និងលិខិតបញ្ជាក់ពីអាជ្ញាធរទៅប្រគល់ឲ្យលោក ជា កុយ ស្នើសុំដីតាមការប្រកាសរបស់លោក ជា កុយ ថាប្រគល់ដីជូនប្រជាពលរដ្ឋក្រីក្រចំនួន១០០ គ្រួសារ តាំងពីមុនបោះឆ្នោតជ្រើសតាំងសមាជិកសភា នីតិកាលទី៥ រហូតមកបច្ចុប្បន្នបាត់ដំណឹងសូន្យឈឹង សូម្បីតែដីធ្លី​ក៏មិនបាន ឯកសារក៏ត្រូវលោក ជា កុយ មិនទាន់បានប្រគល់ឲ្យពួកគាត់​វិញ។

ប្រជាពលរដ្ឋបានឲ្យដឹងថា បន្ទាប់ពី​លោក ជា កុយ បានប្រកាសជាសាធារណៈ តាមបណ្ដាញសារព័ត៌មាន ទូរទស្សន៍ និង​គេហ​​ទំព័រជាដើម ថានឹងចែកដីជូនប្រជាជនក្រីក្រដែលមានភ្ជាប់លេខទូរស័ព្ទផង 011-016 (979298) ។ នៅពេលបានឃើញព័ត៌ មាននេះ គាត់ក៏បានចុចទូរស័ព្ទទាក់ទងទៅឈ្មួញដី ដោយគាត់បានឱ្យយើង ដាក់​ពាក្យ (ភ្ជាប់នូវប័ណ្ណក្រីក្រ លិខិតបញ្ជាក់ពី ភូមិ-ឃុំ ថាពិតជាក្រីក្រ នៅការិយាល័យ​របស់គាត់ នៅភូមិត្នោត ឃុំម្កាក់ ស្រុកអង្គ​ស្នួល ខេត្តកណ្ដាល នៅអំឡុងមុនរដូវ​ឃោសនាប​ោះ​ឆ្នោតសកល។

ក្រោយពេលបោះឆ្នោតរួចមក បាន ទាក់ទងទៅលោក ជា កុយ ដោយគាត់ ឆ្លើយថា រង់ចាំបង្កើតរដ្ឋាភិបាលសិន ក្រោយពេលបង្កើតរាជរដ្ឋាភិបាលហើយ គាត់ថា ចាំមើលចៅហ្វាយខេត្ត ចៅហ្វាយ ស្រុកថ្មីសិន ។ ការចែកដីនេះចេះតែអូស បន្លាយពេលវេលាយូរទៅៗ នៅពេលប្រជា ពលរដ្ឋសួរនាំទៀត គាត់បង្វែរឲ្យទៅសួរ ម្ចាស់មូលនិធិ មានលេខទូរស័ព្ទ (លេខ 067327777)។ តែម្ចាស់លេខនេះមិន​មានព័ត៌មានអ្វីនោះទេ ពោលគឺបង្វែរឲ្យមក​សួរ លោក ជា កុយ វិញ។ រយៈពេលជិត​មួយ​ឆ្នាំមកនេះ ប្រជាពលរដ្ឋតែងទន្ទឹងរង់ចាំការសន្យាចែកដីរបស់គាត់ តែហាក់ដូចជាល្បែងបោកប្រាស់ប្រជាជនទាំងស្រុង។ ដូច្នេះ​​សូម​​លោក​អភិបាលស្រុក មេត្តាជួយ​រក​ភាពខុស​ត្រូវ ព្រោះប្រជាពលរដ្ឋបានប្រើប្រាស់ថវិកាឡើងចុះមករកការិយាល័យគាត់ ដោយមានការខ្ចីលុយបុលលុយកាក់ និងចងការគេផង។

ពាក់ព័ន្ធនឹងករណីនេះ អភិបាលនៃ គណៈអភិបាលស្រុកអង្គស្នួល លោក នីម នីរ៉ាដេត បានប្រាប់ កាលពីព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩ថា ករណីផ្សព្វផ្សាយចែកដីជូនប្រជាពលរដ្ឋក្រីក្រ លោកមិន​ទាន់ទទួលបានឯកសារដែលបញ្ជាក់ ថា លោក ជា កុយ ពិតជាចែកដីជូនប្រជា ពលរដ្ឋនៅឡើយ។ ប៉ុន្តែលោកបានដឹង រឿងនេះតាមរយៈសារព័ត៌មានវិញទេ ដែល​បានផ្សព្វផ្សាយកន្លងមក។ ចំណែក ការដាក់ពាក្យបណ្តឹង លោកនឹងពិនិត្យ ហើយដាក់លិខិតឲ្យពួកគាត់មកសាលាស្រុក ដើម្បី​​សួរនាំបន្តនីតិវិធី។

លោក ជា កុយ កាលពីថ្មីៗនេះ បានធ្វើ ពិធីចែកសាច់ជ្រូកជូនប្រជាពលរដ្ឋនៅភូមិ ត្នោត មួយគ្រួសារ១គីឡូក្រាម ឬ២គីឡូ ក្រាម ដើម្បីបិទបាំងទង្វើអាក្រក់ដែលលោកបានប្រព្រឹត្តក្នុងមូលដ្ឋានរបស់គាត់ ដោយ ការជីករណ្តៅដីខុសបច្ចេកទេស។ ដោយ សារតែរណ្តៅដីនោះហើយ ទើបធ្វើឲ្យប្រជា ពលរដ្ឋក្នុងសហគមន៍ ជាពិសេសក្រុម ញាតិមិត្តរបស់លោកជាអ្នកចេញមុខការ ពារទង្វើខុសច្បាប់ទាំងនោះ។

នេះជាទង្វើតែតាមការណ៍ពិតនាយកប្រជាពលរដ្ឋ ធ្វើជាខែលការពារផល​ប្រយោជន៍របស់ ខ្លួន។ លោក ជា កុយ គ្មានលទ្ធ ភាពចែកដីជូនពលរដ្ឋទាំងនោះ​ឡើយ៕ ហេង សូរិយា

 


ចែករំលែក៖